ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៥ តុលា ផ្លូវនៅកម្ពុជា ខូចខាតដោយសារជំនន់ទឹកភ្លៀង ប្រវែង៣២៥គីឡូម៉ែត្រ ស្មើនឹង ២៦៣កំណាត់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានផ្លូវនៅទូទាំងប្រទេសកម្ពុជា បានខូចខាតដោយសារជំនន់ទឹកភ្លៀង មានប្រវែង៣២៥គីឡូម៉ែត្រ ស្មើនឹង២៦៣កំណាត់។

ក្នុងឱកាស ចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង តាមបណ្ដោយ ផ្លូវជាតិលេខ ៣ ,២ ,២០ ,៤១ និងផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «មកដល់ថ្ងៃទី១៥ តុលា មានផ្លូវ២៦៣កំណាត់ ដែលបានលិចទឹក បើគិតជាចម្ងាយ ៣២៥គីឡូម៉ែត្រ ដែលបានខូចខាតដោយសារ ទឹកជំនន់នេះឯង»។

លោកបន្ដថា ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្រសួងសាធារណការ នឹងធ្វើការវាយតម្លៃ ដើម្បី ស្នើសុំកញ្ចប់ថវិការពីរាជរដ្ឋាភិបាល យកមកជួសជុលផ្លូវដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់យាន យន្តដឹកជញ្ជូនធំៗ ត្រូវផ្អាកការធ្វើដំណើរទៅផ្លូវ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បី ចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់។ ជាពិសេស ចូលរួមសន្សំសំចៃថវិកាជាតិ ដែលត្រូវចំណាយ ទៅលើការជួសជុល ឬស្ដារឡើងវិញ នូវផ្លូវថ្នល់ដែលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×