ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រំលេចសកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ រំលេចសកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

តាមបណ្តាញសង្គមហ្វេស ប៊ុក ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយបានការគាំទ្រ ពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការណែនាំផ្ទាល់ ពីលោកអភិបាល នៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបន្តចុះជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះ ដោយទឹកជំនន់ នៅតាមទីតាំងនានា នៃទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាពលរដ្ឋ ដោយប្រើមធ្យោបាយថ្មើរជើង និងទូកម៉ាស៊ីនជាដើម។

យោងតាមរបាយការណ៍ ទទួលបានពីលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ស្ថានភាពកម្ពស់ទឹកគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានធូរស្រាលជាងមុន ប៉ុន្តែនៅចំណុចខាងក្រោមអាងកំពីងពួយ ប៉ះពាល់ឃុំចំនួន ២នៃស្រុកបាណន់ និងនៅស្រុកមោងឫស្សី ប៉ះពាល់ចំនួន ១ឃុំ ហើយនៅបន្តរងឥទ្ធិពលព្យុះទី១៧ ដែលធ្វើឱ្យមានភ្លៀង នៅគ្រប់ស្រុក-ក្រុងក្នុងខេត្តបាត់ដំបង។ ទឹកស្ទឹងសង្កែមានកម្ពស់ ១២,៤៥ម៉ែត្រ (១៣,៨៥) សេកសក មានកម្ពស់ ៥៥,០៨ម៉ែត្រ (៥៧,៥០) ធ្វើឱ្យលិចលង់តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់សុខភាព ការរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

កិច្ចអន្តរាគមចំពោះមុខជាប្រចាំថ្ងៃ ត្រូវបានអនុវត្ត ដោយយកចិត្តទុកដាក់បំផុត របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ដែលមានដូចខាងក្រោម៖

១.ការអន្តរាគមន៍ផ្នែកសុខាភិបាល៖
-ក្រសួងសុខាភិបាល បានផ្តល់ឱសថចាំបាច់បន្ថែម សម្រាប់គ្រោះមហន្តរាយទឹកជំនន់ ជូនដល់ស្រុកប្រតិបត្តិទាំង ៥ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តបាត់ដំបង។
-ក្រុមគ្រូពេទ្យ ត្រូវបានចាត់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាជន ជារៀងរាល់ថ្ងៃ។
-ក្រុមគ្រូពេទ្យ (ចំនួន ៣នាក់) យាមប្រចាំការ នៅទីទួលសុវត្ថិភាពចំនួន ៨កន្លែង។
-បានផ្តល់ការពិគ្រោះព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ១ ៧៧២នាក់ (ស្រីចំនួន ១ ១៤៤នាក់ ក្មេងអាយុក្រោម ៥ឆ្នាំ ៧២នាក់) ហើយបញ្ហាសុខភាព ជួបប្រទះរួមមាន៖ ជំងឺរាករូស ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺកមរមាស់ជាដើម។

  • ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីអាយុ ២៧ឆ្នាំ សម្រាលបានកូនប្រុស ១នាក់ នៅឃុំបួរ ស្រុកភ្នំព្រឹកដែលជាប់នៅត្រើយម្ខាងអូរ ត្រូវបានអន្តរាគមន៌ជួយចម្លង ដោយកងពលតូចថ្មើរជើងលេខ ៥៣ រួចបញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យបង្អែកសំពៅលូន ដោយសុវត្ថិភាព។
  • ជួយសង្គ្រោះករណីពុលដំឡូងមី នៅឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ១នាក់ និងក្មេងស្រីអាយុ ៣ឆ្នាំ ចំនួន ១នាក់ ដោយស្ថានភាពពុលធ្ងន់ធ្ងរពេក អ្នកពុលត្រូវបានស្លាប់មុនមកដល់មន្ទីរពេទ្យ។
  • បានបន្តអប់រំសុខភាព អំពីអនាម័យ សម្អាតខ្លួនប្រាណ សុវត្ថិភាពចំណីអាហារ ការបង្ការជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងផ្សេងៗ។
  • បានចែកមុងជ្រលក់ថ្នាំចំនួន ៦០០មុង សាប៊ូដុំដុសខ្លួនចំនួន ១៨ ០០០ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ៨ ០០០ដប (ចំណុះ ៣០០មល) ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងក្រុមការងារសង្គ្រោះ។
  • សកម្មភាពក្រុមការងារស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពតាគ្រាម បានចុះ អប់រំសុខភាព និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ស្ថិតនៅវត្តគិរីជុំ ឋភូមិអរពងមាន់ មានចំនួន ៣៨គ្រួសារ សរុប ចំនួន ១៣០នាក់ ស្រី៥៥ ។
  • ចែកមីកញ្ចប់ចំនួន ១ ៥០០កញ្ចប់ នំប៉័ង ២០០ដើម និងភេសជ្ជៈ ចំនួន ៧០កេស ជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព នៅតាមខ្នងផ្ទះ និងក្រុមការងារសង្គ្រោះ។
    -មូលដ្ឋានសុខាភិបាលលិចទឹកចូលអគារ ៖ មានមន្ទីរពេទ្យបង្អែកបវេល ១កន្លែង និងមណ្ឌលសុខភាពចំនួន ២កន្លែង
    -មូលដ្ឋានសុខាភិបាលលិចទឹកជុំវិញអគារ ៖ មានមន្ទីរពេទ្យបង្អែកមោងរស្សី ១កន្លែង និងមណ្ឌលសុខភាពចំនួន ១៥កន្លែង។
  • ផ្ទះប្រជាពលរដ្ឋចំនួន ៣៨ ៨៩០គ្រួសារ ក្នុងក្រុង/ស្រុកទាំង ១៤ និង ៨៩ឃុំ

២. ទិសដៅអនុវត្តបន្ត៖

  • ត្រៀមឆ្លើយតបបន្ទាន់ និងអន្តរាគមន៍ ពីគ្រប់ផ្នែកមានមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ក្នុងការផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ រួមទាំងករណីពស់ចឹក និងបញ្ហាសុខភាពចម្បងៗ ដែលអាចកើតឡើងជាយថាហេតុ ជូនប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។
  • បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ជាប្រចាំ នៅតាមទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
  • បន្តតាមដាន និងអប់រំសុខភាព ជូនដល់ប្រជាជននៅតាមទីតាំងនានា និងត្រៀមជួយសង្គ្រោះ ប្រសិនបើមានបញ្ហាសុខភាព កើតមានឡើងជាយថាហេតុ។

ព័ត៌មានទទួល បានពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង នាពេលថ្ងៃត្រង់នៃថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០៕

To Top