ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា កងកម្លាំងប៉ូលីសរបស់ប្រទេសថៃ បានចាប់ផ្តើមប្រើធម៌ក្តៅបំបែកហ្វូងបាតុករហើយ កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែតុលានេះ ដោយកងកម្លាំងប៉ូលីស បានប្រើប្រាស់រថយន្តបាញ់ទឹក ដោយលាយទឹកជាមួយនឹងសារធាតុគីមី ដើម្បីបាញ់បំបែកហ្វូងបាតុកររាប់ពាន់នាក់ ។
នាយប៉ូលីសនៅទីក្រុង បាងកក បាននិយាយថា ប្រតិបត្តិការបំបែកហ្វូងបាតុករនេះ ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងក្បួនបាតុកម្មរបស់ក្រុមបាតុករ ដែលនៅតែបន្តធ្វើឡើងចាប់តាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍ ទី១៧ ខែតុលានេះ ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ កិត្យានុភាពជាតិទាំងមូល ។
នាយប៉ូលីសដដែលបានបន្តថា នេះគឺជាលើដំបូងហើយសម្រាប់កងកម្លាំងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិការបំបែកហ្វូងបាតុករ ខណៈដែលក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីកកាន់តែធំឡើងជាបន្តបន្ទាប់ដោយមានក្រុមបាតុករចូលរួមធ្វើបាតុកម្មកាន់តែច្រើននៅទីក្រុងបាងកក និងបានស្រែករិះគន់រដ្ឋាភិបាល និងរបបរាជានិយម ។
សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយមនៅប្រទេសថៃ ត្រូវបានរៀបចំឡើងដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ ដែលភាគច្រើនជាក្រុមយុវជន រួមទាំងក្រុមយុវនិស្សិត នៅតាមមហាវិទ្យាល័យនានានៅទូទាំងប្រទេសនេះ ដោយមានទាំងស្លៀកពាក់ឯក សណ្ឋាននិស្សិតទៀតផង ។
ក្រោយពីកងកម្លាំងប៉ូលីសបានប្រើធម៌ក្តៅក្នុងការបំបែកក្បួនបាតុកម្ម កាលពីយប់ថ្ងៃសុក្រ ក្រុមបាតុករមិនបានចាកចេញទៅណាឆ្ងាយទេ ដោយគ្រាន់តែ បំបែកគ្នាទៅជាក្រុមតូចៗ និងបានជួបជុំគ្នាវិញកាលពីថ្ងៃសៅរ៍ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីទទួលរងនូវការបំបែកពីងកម្លាំងប៉ូលីស និងមានអ្នកចូលរួមកាន់ តែច្រើនរហូតដល់ជាងមួយម៉ឺននាក់ ។
ស្របពេលដែលប៉ូលីសបង្ក្រាបក្រុមបាតុករដោយប្រើធម៌ក្តៅ រដ្ឋាភិបាលរបស់ប្រទេសនេះបានចេញក្រិត្យប្រកាសអាសន្ន មួយដោយហាមឃាត់ប្រជាពលរដ្ឋមិនអោយជួបជុំគ្នាលើសពី៥នាក់ នោះទេ ហើយប្រសិនបើក្រុមបាតុករ នៅតែជួបជុំគ្នា គឺជាសកម្មភាពបំពានលើក្រិត្យប្រកាសអាសន្ន និងទទួលនូវការបង្ក្រាបពីប៉ូលីស ។
ប្រតិបត្តិការបង្ក្រាប និងក្រិត្យប្រកាសអាសន្ន របស់រដ្ឋាភិបាលថៃ មិនបានបំបាក់ស្មារតីរបស់បាតុករប្រឆាំងរដ្ឋាភិបាលនោះទេ ដោយក្រុមបាតុករនៅតែជួបជុំគ្នាធ្វើបាតុកម្ម ទាមទារអោយលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងទាមទារអោយធ្វើកំណែទម្រង់ច្បាប់ដើម្បីជម្រុះ ឥទ្ធិពលរបស់របបរាជានិយមនៅក្នុងប្រទេសនេះ ។
កាលពីថ្ងៃសៅរ៍ ក្រុមបាតុករថៃប្រមាណជាង១ម៉ឺននាក់ ដែលភាគច្រើនជាយុវជននៅតែប្រមូលផ្តុំនៅជាយទីក្រុង បាងកក និងនៅតាមទីក្រុងចំនួន១២ ផ្សេងទៀតរបស់ប្រទេសថៃ បើទោះបីជារដ្ឋាភិបាលប្រកាសប្រើក្រិត្យ ច្បាប់ប្រកាសអាសន្ន ដែលហាមការជួបជុំលើសពី៥នាក់ក្តី ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដែរ ។
ក្រៅពីទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងស្តារលទ្ធិប្រជាធិបតេយ្យ បាតុករទាមទារផងដែរ អោយធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលកាន់តែពង្រីកឥទ្ធិពលរបស់ ខ្លួនកាន់តែខ្លាំងឡើង និង ដែលក្រុមរាជានិយម ដូចជាកងទ័ព និងក្រុមអ្នកមានអាងយកទៅប្រើទ្វេ ដងសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ។
ជារួម ចលនាដើម្បីប្រជាធិបតេយ្យថៃ បានទាមទារឲ្យគេលុបចោលច្បាប់ជេរប្រមាថព្រះមហាក្សត្រ និងទាមទារឲ្យព្រះមហាក្សត្រនៅក្រៅរង្វង់នយោបាយ ប៉ុន្តែព្រះមហាក្សត្រថៃ ដែលចូលគ្រងរាជបល្ល័ង្គកាលពីឆ្នាំ២០១៦កន្លងទៅ ព្រះមហាក្សត្រអង្គនេះ បានដាក់អង្គភាពកងទ័ព២ អង្គភាពឲ្យមក នៅក្រោមការបញ្ជាផ្ទាល់របស់ព្រះអង្គ និងបានប្រមូលច្បាមជាលើកទី១យកទ្រព្យសម្បត្តិទាំងអស់របស់រាជវាំង ដែលមានតម្លៃប្រមាណជាង៦០ពាន់លានដុល្លារអាមេរិក មកគ្រប់គ្រងក្នុងព្រះហស្តរបស់ព្រះអង្គផ្ទាល់ ទោះបីជាមានការរិះគន់ពីសំណាក់ក្រុមប្រជាបាតុក និងប្រជាពលរដ្ឋថៃមួយចំនួនក៏ដោយ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយក្រុមបាតុកររបស់ប្រទេសថៃ នៅតែបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយម ដោយសារមានដើមចមសំខាន់២យ៉ាង គឺទី១ ព្រះរាជវាំងបានចេញច្បាប់ថ្មីក្នុងការដាក់ទោសធ្ងន់ធ្ងរលើបុគ្គលណាដែលរិះគន់ព្រះមហាក្សត្រទាំងដោយផ្ទាល់ និងតាមប្រព័ន្ធបណ្តាញសង្គម និងទី២ ដោយសារក្រុមអាជ្ញាធរថៃ បានចាប់ខ្លួនមេដឹកនាំរបស់ក្រុមបាតុករសរុបចំនួន៦៥នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៨ ខែតុលានេះ ។
ដើមចមទី១ ក្រៅតែពីការបណ្តេញនាយករដ្ឋមន្ត្រីថៃអោយលាលែងចេញពីតំណែង និងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក្រុមយុវបាតុករ ក៏បានបរិហារចំពោះច្បាប់ព្រហ្មទណ្ឌ១១២ ដែលបានចែងការពារយ៉ាងមុតមាំរបបរាជានិយម និងរាជវង្សថៃ ។
ក្រុមយុវបាតុករ បានស្រែកទាមទារអោយធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយរំលាយច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដែលជាច្បាប់តឹងតែងបំផុតលើពិភពលោក និងមានគោលដៅការពារតែព្រះចេស្តារព្រះមហាក្សត្រតែប៉ុណ្ណោះ ។
ច្បាប់ព្រហ្មទណ្ឌ១១២ បានចែងថា ជនណាហ៊ានរិះគន់ ឬប៉ះពាល់ព្រះចេស្តាររបស់ព្រះមហាក្សត្រ នឹងត្រូវជាប់ទោសក្នុងពន្ធនាគាររយៈពេល១៥ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា ជនសង្ស័យពិតជាបានប៉ះពាល់ព្រះចេស្តារព្រះមហាក្សត្រមែន ។
ដើមចមទី២ អ្នកវិភាគស្ថានភាពនយោបាយនៅក្រុមវិបត្តិអន្តរជាតិ (International Crisis Group) បាននិយាយថា ក្រុមអាជ្ញាធរថៃ អាចនឹងចាប់ខ្លួនមេដឹកនាំក្រុមបាតុករកាន់តែច្រើននាក់ថែមទៀត ប្រសិនបើក្រុមបាតុករមិនឈប់ធ្វើបាតុកម្ម ។
អ្នកវិភាគដដែលបានបន្តថា ក្រុមយុវបាតុករ កំពុងព្យាយាមរុញច្រានប្រទេសរបស់ខ្លួនអោយធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយនៅពេលខាងមុខ តាមរយៈការបញ្ចុះបញ្ចូល និងអូសទាញគ្នីគ្នាអោយចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងប្រឆាំងរបបរាជានិយម ម្តងហើយម្តងទៀត ដោយមិនមានគោលនយោបាយជាក់លាក់ ។
ក្រុមយុវបាតុកររាប់ពាន់នាក់ ដែលមានក្រុមយុវជន និងខ្លះទៀតជាសិស្សសាលាស្លៀកពាក់ឯកសណ្ឋានសាលាថែមទៀត បានប្រមូលផ្តុំគ្នាជាញឹកញាប់នៅទីក្រុងបាងកក ដោយស្រែកទាមទារអោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងស្រែករិះរបស់រាជានិយមនៅក្នុងប្រទេសនេះ ដោយមិនញញើតនឹងការបង្ក្រាបពីកងកម្លាំងប៉ូលីស ។
ក្រុមយុវបាតុករ ហាក់ដូចជាមិនបានបង្ហាញគោលនយោបាយច្បាស់លាស់ទេក្នុងការធ្វើបាតុកម្ម ក្រៅតែពីការទាមទារអោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងស្រែករិះរបស់រាជានិយម ដែលគ្រាន់តែជាការប្រឆាំងជំទាស់មិនសមហេតុផល ៕
ដោយ៖ អ៊ីន ជិន