ព័ត៌មានជាតិ

៩ខែ​ បង្ក្រាបបទល្មើស ធនធានធម្មជាតិ​ ជិត១ពាន់ករណី ក្នុងតំបន់ដែនជម្រក សត្វព្រៃព្រៃឡង់

ភ្នំពេញ​ ៖​ ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិចុះល្បាតចំនួន១៨២៣លើកដែល ក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយកសាងនិងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី ព្រមទាំងពិន័យអន្តរការណ៍៤១ករណី។ 

នេះបើយោងតាមគេហទំព័រហ្វេសប៊ុក​ក្រសួងបរិស្ថាន​ នៅថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០២០​ ។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​ បានសង្កេតឃើញថា​ បទល្មើសនៅតំបន់មួយចំនួនមានការថយចុះដោយសារតែមានកិច្ចសហការ ស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។ 

លោកបន្ដថា​ ក្នុងរយៈពេល៩ ខែនេះមន្ត្រីឧទ្យានុរក្សបាន បង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧ អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង។

 លោកគូសបញ្ជាក់ថា​ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ 

លោកថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរបាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។ 

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ ម៉ឺនហិក តា ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤ នាក់បាននិងកំពុងឈរ ជើងការពារ៕

To Top