ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យប្រជាកសិករ ចិញ្ចឹមសត្វ និងដាំដំណាំតាមលក្ខណៈបច្ចេកទេសកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ប្រជាកសិករ ឱ្យចិញ្ចឹមសត្វ និងដាំដំណាំ តាមលក្ខណៈបច្ចេកទេស របស់មន្ត្រីជំនាញកសិកម្ម ដើម្បីបង្កើនមុនខរបរ ក្នុងទិសដៅលើកស្ទួយកម្រិតជីវភាព គ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជូនកសិករ ចំនួន ១១៧ គ្រួសារនៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

លោកអភិបាលខេត្តបានថ្លែងបន្តថា លោក សូមឱ្យបងប្អូនទាំងអស់ នៅក្នុងសហគមន៍ ខិតខំប្រឹងប្រែងទទួលយកនូវ អ្វីដែលជាការបណ្ដុះបណ្ដាល របស់មន្ត្រីជំនាញផ្នែកកសិកម្ម យកមកអនុវត្ត ទៅតាមបច្ចេកទេសថ្មីៗ ធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ដែលពួកគាត់បានណែនាំ ដើម្បីឱ្យបងប្អូនទទួលបានការផលិតកសិផល ទទួលបានទិន្នផលខ្ពស់ ។ម្យ៉ាងទៀតនៅពេលដែល បងប្អូនប្រជាកសិករយើង អនុវត្តទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ នោះនឹងចំណាយថ្លៃដើមអស់តិច នឹងមិនភ័យព្រួយរឿងទីផ្សារ ពោល គឺមានដៃគូចាំទទួលទិញ ។

ជាមួយគ្នានោះដែរលោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដងទន្លេ មានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ នឹងត្រូវចេះតាមដានកម្ពស់ទឹកផងដែរ ។ លោក បន្តថា កម្ពស់ទឹកទន្លេមេគង្គក្នុង ខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គមានកម្ពស់ ១១,៦៨ ម៉ែត្រ ហើយកម្ពស់ទឹកក្នុងកម្រិត ប្រកាសអាសន្នធ្វើឲ្យប៉ះពាល់ ដល់តំបន់បង្កបង្កើតផលនោះ គឺកម្ពស់ ១៥,២០ ម៉ែត្រ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះស្ថានភាពទឹកទន្លេមេគង្គជារៀងរាល់ឆ្នាំ តែងតែបានស្រក បើគិតមកត្រឹមពាក់កណ្តាលខែតុលានេះ ប៉ុន្តែឆ្នាំនេះទឹកនៅឡើងទៅវិញ បណ្ដាលមកពីការបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាក៏ដោយ នៅខេត្តផ្សេងៗ មួយចំនួន មកដល់ពេលបច្ចុប្បន្ននេះ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែសម្រាប់ខេត្តកំពង់ចាមមិនទាន់មាន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទេ ។ គ្រាន់តែមានផលប៉ះពាល់បន្តិចបន្តួច មិនបង្កឱ្យខូចខាតដំណាំនោះទេ ផ្ទុយទៅវិញ នៅតំបន់ខ្លះដោយសារជំនន់ទឹកភ្លៀងឆាប់ស្រក បែជាធ្វើឲ្យដំណាំស្រូវពួកគាត់ ដុះលូតលាស់បានល្អទៅវិញ ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះអាជ្ញាធរខេត្តកំពង់ចាម បានចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ មានដូចជាកសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹមគោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ ៕

To Top