ភ្នំពេញ៖ ក្រោមការសម្របសម្រួល ពីក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយបងប្អូន ប្រជាសហគម ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង សរុបប្រមាណ ១៩១ នាក់ ។
ឆ្លៀតក្នុងឱកាស ជួបសំណេះសំណាលនេះ លោក កៅ ថាច បានសំដែង នូវសេចក្តីសោកស្តាយ ដែលផលដំណាំ របស់បងប្អូន ត្រូវទទួលរងការបំផ្លាញ ដោយសារជំនន់ទឹកភ្លៀង ក្នុងសប្តាហ៍កន្លងមកនេះ និងបានលើកទឹកចិត្ត អោយបងប្អូនសហគម ធ្វើការដាំដុះឡើងវិញ និងបង្កើនការដាំដុះ និងពង្រីកការដាំដុះ បន្ទាប់ពីទឹកស្រកទៅវិញ ដើម្បីធ្វើការប៉ះប៉ូវ ការខាត់បង់ និងផ្គត់ផ្គង់ទីផ្សារ ទាន់ពេលវេលា ។
បន្ទាប់ពីនោះ លោកអគ្គនាយក បានធ្វើការចែករំលែក ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានក្នុងវិស័យ កសិកម្មក្នុងស្រុក និងបទពិសោធន៍ នៃការធ្វើវិស័យកសិកម្ម ទទួលបានជោគជ័យ របស់នៅបរទេស ដើម្បីអោយបងប្អូន សហគមជ្រាបជាព័ត៌មាន និងមានកំលាំងចិត្ត ធ្វើការពង្រីកការដាំដុះ របស់ខ្លួនបន្ថែមទៀត ។
ជាមួយគ្នានោះផងដែរ លោក កៅ ថាច ក៏បានណែនាំដល់បងប្អូន សហគមធ្វើការ ដាំដុះបន្លែសុវត្ថិភាព ដោយមានផែនការច្បាស់លាស់ និងមានគោលដៅជាក់លាក់ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ មាននិរន្តភាព និងមានតម្លៃ ជៀសវាង ការដាំដុះបន្លែតាមគ្នា ដែលជាមូលហេតុ ធ្វើអោយរាល់ពេលប្រមូលផល តែងតែធ្លាក់ថ្លៃចុះ។ មិនត្រឹមតែប៉ុណ្ណោះ លោកអគ្គនាយក ធនាគារអភិវឌ្ឍ៍ជនបទ និងកសិកម្ម បានស្នើអោយបងប្អូន សហគមកែប្រែទម្លាប់ ក្នុងការដាំដុះ មានភាពបត់បែន និងចេះស្វែងយល់ ពីព័ត៌មានទីផ្សារ ពីផលិតផលកសិកម្ម។
ក្នុងឱកាសនោះ លោក កៅ ថាច ក៏បានលើកទឹកចិត្ត អោយបងប្អូនសហគម ធ្វើកសិកម្មក្នុងនាមសហក្រិន គឺធ្វើជាពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ជីវភាព និងមានសុខមាភាព មិនមែនធ្វើកសិកម្ម សម្រាប់តែប្រើប្រាស់ ហូបចុក ផ្ទាល់ខ្លួន គ្រួសារ និងមិនមានស្តង់ដារនោះទេ និងជម្រុញឲ្យមាន ការចុះកិច្ចសន្យាទិញលក់ បន្លែសុវត្ថិភាព ជាមួយក្រុមហ៊ុនបន្លែសុវត្ថិខ្មែរ ដើម្បីធានាថា ការដាំដុះ របស់បងប្អូនសហគម មានទីផ្សារច្បាស់លាស់ និងធានាបានតំលៃ តាមកិច្ចសន្យា ។ ជាពិសេស លោកអគ្គនាយក បានជម្រុញ ដល់ប្រជាសហគម ត្រូវពង្រឹងគុណភាព លើការដាំដុះ និងដោយគោរពបាន នូវគុណភាព និងស្តង់ដារសុវត្ថិភាព។
ក្នុងនោះ លោកប្រតិភូ ធ្វើការផ្សព្វផ្សាយ ពីគោលការណ៍ឥណទាន ដោយអត្រាការប្រាក់ទាប ០,៤២% ក្នុងមួយខែជូនដល់បងប្អូន សហគមដាំដុះបន្លែ និងលើកទឹកចិត្ត អោយបងប្អូនសហគមទាក់ទង មកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណី មានតម្រូវការឥណទាន។
ក្រៅពីធ្វើការ ថ្លែងអំណរគុណ ដល់រដ្ឋបាលសាលាខេត្ត ដែលបានសម្រួលទីតាំង ដើម្បីអោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើកម្មវិធីនាពេលនេះ លោក កៅ ថាច បានចែកជូនអង្ករ ក្នុងម្នាក់ចំនួន ១០ គីឡូក្រាម និងឧបត្ថម្ភថវិកា មួយចំនួនផងដែរ ក្នុងគ្រា នៃជំនន់ទឹកភ្លៀងនាពេលនេះ៕