ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង គឺជំនួយបានទៅដល់ដៃ ជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់ និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។
តាមរយ ៈបណ្ដញសង្គមហ្វេសប៊ុក នៅព្រឹកនេះសម្ដេចក្រឡាហោម ស ខេង បានសរសេរយ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត! ខ្ញុំសូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខ្ញុំបានទទួលនូវជំនួយឧបត្ថម្ភ ពីបណ្ដាសប្បុរសជននានា សរុបមានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារ សហរដ្ឋអាមេរិក ។
សម្ដេចបញ្ជាក់ថា «ជំនួយទាំងនេះខ្ញុំនិងសហការី បានរៀបចំបែងចែកជូនបងប្អូន ជនរួមជាតិដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាមូលដ្ឋាន ប្រកបដោយ ការយកចិត្តទុកដាក់ ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃ ជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់ និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ »។
សម្ដេចក្រឡាហោម បន្តថា ទន្ទឹមគ្នានេះដែរ ខ្ញុំក៏នៅតែបន្តទទួលបាននូវ ការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។
សម្ដេចបន្ថែមថា ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូន ជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិ យើងមួយចំនួន បាននិងកំពុងរងគ្រោះ ដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរស ចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដល់រូបខ្ញុំ ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះ។ សូមជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិឆាប់ បានរួចចាកផុតពីគ្រោះមហន្តរាយនេះ ៕