ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០ ។
ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកបានឲ្យដឹងថា យោងតាមស្ថានភាពបម្រែបម្រួល ជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹង បន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្ត អូសន្លាយកាត់ពីលើ។
ទន្ទឹមនោះនៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកកើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល (Saudel) ដែលតាមរយៈការព្យាករជាលក្ខណៈតំបន់ បង្ហាញឲ្យឃើញថា ព្យុះនេះធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ នៃភាគឦសាន្តប្រទេសកម្ពុជា។
សូមជម្រាបថា ស្ថានភាពបែបនេះធ្វើឲ្យ មានដូចជា៖
ទី១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ។
-សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ អង្សាសេ។
នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅមធ្យម។
ទី២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖
-សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។
-សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីតិចទៅមធ្យម។
ទី៣-តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។
-សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ។
ជាងនេះទៅទៀត ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕