ភ្នំពេញ៖ លោក កឹម សុខា បានបង្ហាញសារក្នុងហ្វេសប៊ុក ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកបន្តចុះចែកអំណោយដល់ ពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។
លោកថ្លែងថា លោក និងសហការី បានមកដល់ខេត្តបន្ទាយមានជ័យវិញហើយ ដោយនាំយកស្បៀង និងសម្ភារៈមួយចំនួន (អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ) ដែលជាសទ្ធាប្រកបដោយទឹកចឹត្ត សប្បុរសធម៌របស់ជនរួមជាតិខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេស ចែកជូនពលរដ្ឋខ្មែរដែល រងគ្រោះដោយទឹកជំនន់ចំនួន ២០០គ្រួសារ នៅសង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។
ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីវិញបានបង្ហាញ ក្នុងហ្វេសប៊ុកនៅម៉ោងជាង ៧ដែរថា សម្តេចកំពុងធ្វើដំណើរទៅកាន់ ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណ ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចបន្តថា សម្តេចនឹងបំពេញការងារពីរថ្ងៃនៅ ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្ត ដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាព សង្រ្គោះផងនិងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។
នៅព្រឹកនេះដែរមានការបាក់ទំនប់អាងខៃដន នៅជិតក្រុងប៉ោយប៉ែតរហូតដល់កម្ពស់ ៨៥ម៉ែត្រហើយ។ បើតាមការប្រកាសក្រសួងធនធានទឹក និងឧតុនិយម ព្រឹកនេះ ទំនប់អាងខៃដនត្រូវបានបន្តបាក់ ៨៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៨៥០ម៉ែត្រ និងមានជម្រៅ ២តឹក ទៅ៣តឹក ។ ដូច្នេះពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ៕