ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងបាននឹងកំពុងធ្វើការ ពង្រីកវិសាលភាពនៃ ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC)
ដោយដាក់បញ្ចូលវិស័យផលិតផល ធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ។
ក្នុងកិច្ចប្រជុំគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកអ៊ិត សំហេងបានថ្លែងថា “ក្រសួងកំពុងពង្រីកវិសាលភាពនៃ ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារកម្ពុជា និងបទដ្ឋានការងារស្នូលដែល បានទទួលស្គាល់ជាអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ខាងមុខនេះ”។
ក្នុងឱកាសនោះ លោកក៏បានជំរុញរោងចក្រ សហគ្រាសផលិតផល ធ្វើដំណើរនិងកាបូប រួមគ្នាបង្កើតជាសមាគម មួយស្របតាមច្បាប់ស្តីពី សហជីព ដើម្បីជាតំណាងរបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមនានាឲ្យមាន ប្រសិទ្ធភាព តម្លាភាព និងទទួលយកបានពីគ្រប់ភាគី។
ជាមួយគ្នានោះ លោកក៏បានសម្ដែងនូវការចាប់អារម្មណ៍ លើវិស័យផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ដែលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំនេះ មានការរីកចម្រើនដូចជាវិស័យ វាយនភ័ណ្ឌផងដែរ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វិស័យនេះនឹងជំរុញឲ្យមានកំណើនការងារធ្វើ ក៏ដូចជាជំរុញដល់ការលើកកម្ពស់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលកម្ពុជាបានប្ដេជ្ញា យ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌ ការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិ ដែលបានធ្វើសច្ចាប័នកន្លងទៅ។
លោកបញ្ជាក់ថា កម្ពុជាបានគោរពនូវលក្ខខណ្ឌការងារ ទាំងឡាយ ដើម្បីឆ្លើយតបនឹងការនាំផលិតផល ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយនិរន្តរភាព។
លើសពីនេះទៀតលោកបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រសើរថែមទៀត។ ទោះជាមានបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែក្រសួងបានសហការ ជាមួយភាគីពាក់ព័ន្ធ ធ្វើកិច្ចការនេះបានយ៉ាល្អប្រសើរ៕
ដោយ៖ ធី លីថូ