ភ្នំពេញ៖ លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េ បានថ្លែងកោតសរសើរដល់ ការអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ នៅថ្ងៃទី២០ តុលានេះ បានឲ្យដឹងថា លោកបានជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun ដែលជំនួបនេះបានផ្ដោតសំខាន់ ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាល ដ៏លំបាកនៃជំងឺរាតត្បាតកូវីត១៩។
លោកទូតបន្តថា បន្ថែមពីនេះកិច្ចការងារ សហប្រតិបត្តិការលើវិស័យកសិកម្ម ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ ឧស្សាហកម្មចំណីអាហារ។
ក្នុងជំនួបនេះដែរលោកនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកមានកិត្តិយសដោយបានទទួល អាហារថ្ងៃត្រង់ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោ គឺជាភ្ញៀវបរទេសទី១ ពេលដែលគាត់ទើបទទួលតំណែង ជានាយករដ្ឋមន្ត្រី។
លោកទូត ឡុង ឌីម៉ង់ បញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រី មានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជា អ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរ ដល់ការអនុវត្តនូវដំណើរការ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់» ៕