ភ្នំពេញ៖ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជាបានថ្លែងអោយដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ ជាប្រពៃណីកន្លងមក និងបានគូសបញ្ជាក់ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមាន មូលនិធិហិរញ្ញប្បទានរហ័ស (Rapid Financing Facility) ដែលអាចជាជម្រើសមួយ បន្ថែមសម្រាប់កម្ពុជា ក្នុងការបំពេញកង្វះខាតហិរញ្ញប្បទាន សម្រាប់ផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។
ការអះអាង បែបនេះធ្វើឡើង នៅក្នុងជំនួបពិភក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពីវិធានការ ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាការរៀបចំ នូវវិធានការ គោលនយោបាយ សម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ និងគ្រោះធម្មជាតិនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចជាកាល រួមជាមួយដៃគូអភិវឌ្ឍន៍ ផ្សេងទៀត បន្តរួមសុខទុក្ខជាមួយកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ ដ៏លំបាកកំពុងបង្កឡើង ដោយវិបត្តិជំងឺកូវីដ-១៩។
លោកបន្តថា មូលនិធិរូបិយវត្ថុអន្តរជាតិ មានតួនាទីសំខាន់ក្នុងការបន្តតាមដាន និងវាយតម្លៃការវិវត្តសេដ្ឋកិច្ចសកល, តំបន់ និងកម្ពុជា, និងផ្ដល់ការសិក្សាផ្សេងៗ ដែលអាចជាធាតុ ចូលសម្រាប់កម្ពុជា ក្នុងការបន្តរៀបចំវិធានការពាក់ព័ន្ធ ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងការរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា ទោះបីជាកម្ពុជា ត្រូវបានវាយតម្លៃ និងទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ, រាជរដ្ឋាភិបាលកម្ពុជា នៅបន្តតាមដានការវិវត្តនៃជំងឺនេះ ដោយយកចិត្តទុកដាក់ខ្ពស់ និងពុំមើលស្រាលស្ថានការ ដោយបន្តអនុវត្តនូវវិធានការ សុខាភិបាល រួមជាមួយការចាត់វិធានការ មុតស្រួចក្នុងការគាំទ្រលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន។ឈរលើមូលដ្ឋាននេះ, សកម្មភាពសេដ្ឋកិច្ចកម្ពុជា អាចបន្តមានប្រក្រតីភាពល្អ ខណៈស្ថានភាពសារពើពន្ធ ជាពិសេស ផ្នែកចំណូលពន្ធនឹងមានភាពប្រសើរ ជាងការរំពឹងទុក ដែលនេះជាបច្ច័យល្អ សម្រាប់ការអនុវត្តថវិកាឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យមានលំហថវិកាធំ និងការប្រើប្រាស់ប្រាក់សន្សំ របស់រាជរដ្ឋាភិបាល តិចជាងការរំពឹងទុក។
ទន្ទឹមគ្នានេះលោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ប៉ុន្តែថ្មីៗនេះ, ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បាន និងកំពុងដាក់សម្ពាធមួយផ្នែកវិញ ដល់បន្ទុកចំណាយរដ្ឋ ពិសេសការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធារាសាស្រ្ត។ ទោះជាយ៉ាងណា, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ ផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ (Post Covid-19 Recovery Plan) ដែលជាការគិតគូរ សម្រាប់រយៈពេលមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឲ្យត្រឡប់ទៅរកសក្តានុពលវិញ ឲ្យបានលឿន។
ចំណែកលោក Yasuhisa Ojima បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបានល្អប្រសើរ នូវការរីករាលដាននៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការ មុតស្រួចថ្មីៗ នានាក្រោមក្របខណ្ឌយុទ្ធសាស្រ្ត ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ និងកម្មវិធីគាំពារសង្គមជាដើម។
ជាមួយគ្នានេះ លោកប្រធានស្ថានតំណាង បានគាំទ្រស្មារតីប្រុងប្រយ័ត្នខ្ពស់ របស់រាជរដ្ឋាភិបាល តាមរយៈការបន្តតាមដាន ការប្រែប្រួលស្ថានការម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្ត ឲ្យបន្តកិច្ចសហការជាមួយ ធនាគារជាតិនៃកម្ពុជា ក្នុងការឃ្លាំមើលការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច ទាំងកម្រិតសកល និងតំបន់ ។
លោក Yasuhisa Ojima បានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ ជាប្រពៃណីកន្លងមក និងបានគូសបញ្ជាក់ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមាន មូលនិធិហិរញ្ញប្បទានរហ័ស (Rapid Financing Facility) ដែលអាចជាជម្រើសមួយ បន្ថែមសម្រាប់កម្ពុជា ក្នុងការបំពេញកង្វះខាតហិរញ្ញប្បទាន សម្រាប់ផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្រដល់ការពង្រឹង សមត្ថភាព, ការបណ្តុះបណ្តាលមន្រ្តីរាជការ ក៏ដូចជាជំនួយបច្ចេកទេសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័ន ពាក់ព័ន្ធនានា ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា៕