ព័ត៌មានជាតិ

ចិន និងយូនីសេហ្វ រួមគ្នាការពារសិទ្ធិអប់រំ របស់សិស្សមត្តេយ្យសិក្សាចំនួន ៧០.០០០ នាក់

ភ្នំពេញ៖ តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយ ដល់សាលាមត្តេយ្យ
សហគមន៍នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងនេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់ បានវិលត្រឡប់ទៅសិក្សាវិញប្រកបដោយសុវត្ថិភាព និងទទួលបានការការពារពីជំងឺកូវីដ១៩។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វ ប្រចាំកម្ពុជា។

ក្រសួងពាណិជ្ជកម្មចិន គឺជាអ្នកផ្ដល់ការឧបត្ថម្ភដ៏សំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ ក្នុងការឆ្លើយតបរួមគ្នាចំពោះវិបត្តិកូវីដ១៩។ ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍ សម្រាប់លាងសម្អាតដៃចល័ត ធុងចម្រោះទឹក និងសម្ភារលាងសម្អាតដទៃទៀត ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការពារសុវត្ថិភាព និងសុខភាពរបស់កុមារតូចៗ។ បច្ចុប្បន្នសម្ភារទាំងអស់នេះកំពុងត្រូវបានចែកជូន ការិយាល័យអប់រំស្រុកចំនួន១៨៧ស្រុក នៅក្នុងរាជធានីខេត្តទាំង២៥។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងសូមថ្លែងអំណរគុណដល់ក្រសួងនេះដែលបានសហការជាមួយយូនីសេហ្វ ដើម្បីផ្ដល់ការឧបត្ថម្ភដល់សិស្សមត្តេយ្យ។ ក្រសួងចង់ឱ្យកុមារតូចកាន់តែច្រើន អាចទទួលបានផលពីការចូលរៀននៅសាលាមត្តេយ្យ ហើយគោលដៅនេះអាច សម្រេចទៅបានលុះត្រាតែបរិយាកាសរៀនសូត្រមានសុវត្ថិភាព។ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានទំនុកចិត្ត ក្នុងការបញ្ជូនកូនរបស់ពួកគាត់ទៅរៀននៅសាលាមត្តេយ្យ ដោយសារតែការគាំទ្រដ៏សំខាន់នេះ។”

ក្រោយពិធីចែកសម្ភារជូននាយក នាយិកាសាលាមត្តេយ្យសិក្សាចំនួន៥រូបរួចមក គណៈប្រតិភូបានធ្វើដំណើរទៅកាន់សាលាមត្តេយ្យ សហគមន៍ភូមិត្រពាំងថ្លាន់ ដើម្បីសង្កេតមើលការ ប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលប្រើប្រាស់ដោយបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅក្នុងសាលាមត្តេយ្យនេះ។ ពួកគាត់បានជួបជជែកជាមួយអ្នកគ្រូ លោកគ្រូ តំណាងការិយាល័យអប់រំស្រុក ព្រមទាំងសមាជិកសហគមន៍ អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយឱ្យកុមារអាចនៅបន្តរៀនសូត្របាន និងជួយឱ្យសាលារៀន នៅតែបន្តដំណើរការ នៅក្នុងស្ថានភាពដែលមានសុវត្ថិភាពបំផុត ។

លោក អ៊ូ ហ្គ័រឈៀន អគ្គកុងស៊ុលទទួលបន្ទុកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រទេសចិនចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកល គាំទ្រពេញទំហឹង ដល់កិច្ចសហប្រតិបត្តិការ
ពហុភាគី និងផ្ដល់ការគាំទ្រយ៉ាងមុត មាំដល់បេសកម្មដឹកនាំរបស់អង្គការសហប្រជាជាតិ នៅក្នុងការងារប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជា សកលនៃជំងឺនេះ។ សម្ភារទាំងនេះ គឺតំណាងឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលចិន យូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភពិសេសពីក្រសួងពាណិជ្ជកម្មចិន ក្នុងនាមតំណាងឱ្យ
រដ្ឋាភិបាលចិន ជូនដល់យូនីសេហ្វ សម្រាប់ការគាំទ្រឱ្យកុមារកម្ពុជាទទួលបានកិច្ចការពារសុខភាព និងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាព របស់សហគមន៍ និងសាលារៀន ដើម្បីឆ្លើយតប ចំពោះការរាតត្បាតជាសកល ក៏ដូចជា ដើម្បីជួយឱ្យកុមារអាចត្រឡប់ទៅសាលារៀន វិញប្រកបដោយសុវត្ថិភាព។”

ចាប់តាំងពីពេលមានការរាតត្បាត ជាសកលដំបូងៗនៃជំងឺកូវីដ១៩ យូនីសេហ្វនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ១៩ លើការសិក្សារៀនសូត្រ ។ ការគាំទ្រនេះបានជួយឱ្យកុមារគ្រប់វ័យ រួមទាំងកុមារដែលកំពុងរៀន នៅតាមសាលាមត្តេយ្យផងដែរ អាចបន្តទទួលបានការអប់រំ នៅក្នុងរយៈពេលដែលសាលារៀន ត្រូវបានបិទទ្វារ ។
ការគាំទ្រនេះក៏បានជួយឱ្យសាលារៀន អាចត្រៀមខ្លួនសម្រាប់បើកដំណើរការឡើងវិញ ដោយប្រើប្រាស់ការអនុវត្តល្អៗ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងសាលារៀនមានសុវត្ថិភាព និងផ្ដល់ការការពារសុខភាពដល់កុមារ ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “មានភស្តុតាងជាច្រើន បានបង្ហាញថា ការអប់រំកុមារតូចបំពេញតួនាទីយ៉ាង សំខាន់នៅក្នុងការអភិវឌ្ឍកុមារ ជួយឱ្យកុមារទទួលបានលទ្ធផល ពីការអប់រំកាន់តែប្រសើរ នៅឆ្នាំបន្តបន្ទាប់ខាងមុខ និងជួយឱ្យពួកគេទទួលបានលទ្ធផល កាន់តែល្អនៅពេលពេញវ័យ។ យើងខ្ញុំសូមថ្លែង អំណរគុណចំពោះក្រសួងពាណិជ្ជកម្មចិន ដែលបានវិនិយោគលើការអប់រំកុមារតូច និងជួយឱ្យកុមារនៅកម្ពុជា អាចទទួលបានការអប់រំ កម្រិតមត្តេយ្យ សិក្សាប្រកប ដោយសុវត្ថិភាព ។ ខណៈដែលប្រព័ន្ធអប់រំនៅកម្ពុជា កំពុងត្រលប់មករកភាពប្រសើរជាងមុន និងកាន់តែមានភាពធន់ ក្នុងការទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ យើងត្រូវបន្តធ្វើការងាររួមគ្នា ដើម្បីប្រមើលមើលជាថ្មី ពីការផ្ដល់សេវាអប់រំកុមារតូចដល់កុមារ នៅកម្ពុជាគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត។”

To Top