ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងបន្តអញ្ជើញ ជួបសួរសុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ។

សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្ត រងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះ បានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

របាយការណ៍ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម៕

To Top