ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានកោតសរសើរជំហរលោក កឹម សុខាដែលមានការអត់ធ្មត់ចូលរួមសកម្មភាពនានាក្នុងសង្គម ទោះបីលោកមិនទាន់មានសេរីភាព ពេញលេញក៏ដោយ ។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក កឹម សុខា ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Patrick Murphy កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក កឹម សុខា បានថ្លែងថា «ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរនូវជំហរ និងសកម្មភាពរបស់ខ្ញុំដែល មានការអត់ធ្មត់ ការចូលរួមសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច បរិស្ថាន សាសនា ជាដើម ទោះបីមិនទាន់មានសេរីភាពពេញលេញក៏ដោយ ជាពិសេសសកម្មភាពចុងក្រោយ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង»។
ជាងនេះទៅទៀត លោក កឹម សុខា កោតសសើរ ចំពោះប្រជាពលរដ្ឋខ្មែររស់នៅ អាមេរិកដែលមានចិត្ត សប្បុរសធម៌បានផ្តល់នូវជំនួយជាស្បៀង និងសម្ភារៈ ឲ្យលោកយកទៅចែកជូនដល់ប្រជាពលរដ្ឋខ្មែរ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ ជាមួយទូតអាមេរិក ប្រចាំកម្ពុជា លោក កឹម សុខា ក៏បានថ្លែងអំណរគុណ ចំពោះអាមេរិក និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពី កម្ពុជា ២៣ តុលា ១៩៩១ ដែលបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ យ៉ាងសន្ធឹកសន្ធាប់លើវិស័យ នានា រហូតមកដល់សព្វថ្ងៃនេះ ៕