ព័ត៌មានជាតិ

សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឆ្លងផុតគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអនុម័ត និងគាំទ្រទាំងស្រុង លើ “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុង បរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មាន ការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឲ្យមនុស្សរាប់លាននាក់ បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។

កម្ពុជាក៏មិនអាចគេចរួច ពីវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរង នូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

យ៉ាងណាមិញ នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩មកលើសង្គម និងសេដ្ឋកិច្ចទាំងមូលថវិកាឆ្នាំ២០២១ ត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត ដល់ចំណាយចាំបាច់ទាំងឡាយ សំដៅទប់ទល់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទន្ទឹមនឹងការបន្តផ្តោតការយកចិត្តទុកដាក់លើ វិស័យអាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹកព្រមទាំងកិច្ចការមួយចំនួនទៀត ដែលឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី។

ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕

To Top