កំពង់ចាម៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីដើម្បី អភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ ក្នុងសមាគមជាច្រើនទៀត
រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លា ដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សា ក្នុងពុទ្ធសីមាវត្តពោធិអម្ពវ័ន ហៅវត្តស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
អង្គកឋិនសាមគ្គីនេះ បានផ្តួចផ្តើមឡើងដោយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដាប្រធានសមាគមនារីដើម្បី អភិវឌ្ឍន៍ខេត្តកំពង់ចាម រួមគ្នាជាមួយនឹងថ្នាក់ដឹកនាំក្នុងសមាគម បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តពោធិអម្ពវ័ន ហៅវត្តស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីលើកស្ទួយវិស័យសាសនា ឱ្យមានការរីកចម្រើនតាមគន្លង នៃព្រះពុទ្ធសាសនាផងដែរ។
តាមអ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជាកាពិតណាស់ប្រទេសជាតិ និងប្រជាពលរដ្ឋ កំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ទើបប្រជាពលរដ្ឋ ជាពុទ្ធិបរិស័ទ មានឱកាសបានធ្វើបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនា និងមានឱកាសចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកពុទ្ធចក្រ អោយកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ជូនថា អង្គកឋិនទានសាមគ្គីដែលកើតចេញ ពីចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ សមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម និងពុទ្ធបរិស័ទ្ធ បានប្រមូលបច្ច័យសរុបចំនួន ៩.៣៥០.០០០ រៀល ប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងវត្ត ពោធិអម្ពវ័ន ហៅវត្តស្វាយទាប ក្នុងនោះ សម្រាប់ផ្គត់ផ្គង់បច្ច័យ៤ ដល់ព្រះសង្ឃផង និងដើម្បីកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងវត្តស្វាយទាប ៕