ស្វាយរៀង៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ឱ្យចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។
ការថ្លែងអំពាវនាវរបស់លោកស្រី មឹន មាណវី បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ក្នុងពិធីរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលអភិបាលខេត្តព្រមទាំងកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សរុបអ្នកចូលរួមចំនួន ១២០ នាក់។
លោកស្រី មឹន មាណវី បានថ្លែងនូវការកោតសរសើរចំពោះ រដ្ឋបាលខេត្តស្វាយរៀង ជាពិសេស សមាជិក សមាជិកា នៃអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកទាំងអស់ ដែលមាន លោកអភិបាលខេត្តជាប្រធាន ខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងសកម្មក្នុងបេសកកម្មនេះ ។ យ៉ាងមិញ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីព្រួយបារម្ភ ដោយសារចំនួនអ្នកស្លាប់ នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នក ប្រើប្រាស់ទោចក្រយានយន្ត មិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើន ។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិកា ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់ យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាដល់សង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដែលបានជន់លិចក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន។
លោកស្រីបានក្រើនរំលឹក ឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្ត គ្រប់ប្រភេទត្រូវត្រួតពិនិត្យសុវត្ថិភាព លក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។
បើតាមលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា លទ្ធផលការងារនៃក្រុមការងារ លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង រយៈពេល ០៩ ខែ ឆ្នាំ ២០២០ អនុវត្តសម្រេចបានដូចតទៅ៖
*ការងារចុះបញ្ជីយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មសរុបចំនួន ១០,៣៤៤គ្រឿង
*ការងារត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ៥,៧១១ គ្រឿង
*ការងារប្រលងយកបណ្ណ បើកបរយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ១៨,៥៩៦ បណ្ណ
*ការងារចុះត្រួតពិនិត្យសាខា សាលាបង្រៀនបើកបរយានយន្ត និងផ្តល់ច្បាប់អនុញ្ញាតិ ធ្វើអាជីវកម្ម សរុបចំនួន ១០ សាខា ។
*ការងារចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃ តំឡើងយានយន្ត និងផ្តល់លិខិតអនុញ្ញាតិធ្វើអាជីវកម្ម សរុបចំនួន ៦១យានដ្ឋាន ។
ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល ០៩ខែ ឆ្នាំ២០២០ កើតឡើងសរុបចំនួន ១០៤លើក បណ្តាលឲ្យមនុស្សរងគ្រោះសរុបចំនួន ១៧៨នាក់ (ខូចខាតយានយន្តសរុប ១៦៨គ្រឿង) បើប្រៀបធៀប ទៅរយៈពេល ០៩ខែ ឆ្នាំ២០១៩ គឺថយចុះចំនួន ១២៩ នាក់ ស្មើនឹង ៤២% ៕