ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រមុខរដ្ឋស្តីទី កែសម្រួលព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ផ្ទៃដីទំហំ៣៧៦ហិក តាពីក្រុងតាខ្មៅខេត្តកណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌដង្កោវិញ។
យោងតាមលិខិតសម្តេចតេជោដាក់ជូនសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា «ខ្ញុំសូមគោរពជម្រាបជូនសម្តេចតប្រមុខរដ្ឋស្តីទី មេត្តាជម្រាបថារដ្ឋបាលរាជធានី ភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលបានធ្វើលិខិតមកក្រសួង មហាផ្ទៃដើម្បីសុំកែសម្រួលព្រំប្រទលរដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានី ភ្នំពេញ”។
បើតាមលិខិតរបស់សម្តេចតេជោ ការស្នើកែសម្រួលដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ ។
លិខិតរបស់សម្តេចតេជោបានលើកឡើងទៀតថា ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ការស្នើសុំកែសម្រូលខាងលើនេះមានការប្រែប្រួលទំហំផ្ទៃដីពី៣៧៦ហិកតា មកនៅត្រឹម ទំហំ៣០២ហិកតា៩៣៩១ម៉ែត្រការ៉េ ដោយកាត់យកភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមរមៀន ភូមិព្រែកអញ្ជេញ នៃសង្កាត់ព្រែកឬស្សី ភូមិព្រៃឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជីនៃសង្កាត់ព្រែកហូរ ដែលមានលំនៅឋានសរុប១៣៩ខ្នងផ្ទះ ស្មើនឹង១៧៧គ្រួសារ ប្រជាពលរដ្ឋចំនួន៧៥៣នាក់ ។
ទន្ទឹមនេះរដ្ឋបាលខេត្តកណ្តាលបានស្នើសុំកាត់ផ្ទៃដីទំហំ២ហិកតា៥១៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ នៅវត្តទួលក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យមកស្ថិតក្រោម ការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឲ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួល ក្នុងការចុះបញ្ជីវិញ្ញាញបនបត្រសម្គាល់អចលនវត្ថុជូនវត្ត៕
ដោយ ស សំណាង