ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ ពិធីក្រុងពាលី មុនចាប់ដំណើរការ ការសាងសង់ ស្ពានពីរខ្សែ ឆ្លងកាត់ ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍកោះនរា និងទៅកាន់ផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធ បើកដំណើរការដ្ឋាន ជាផ្លូវការនាថ្ងៃបន្ទាប់ ។
ពិធីក្រុងពាលី នេះធ្វើឡើង ក្រោមវត្តមាន អញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹិក្សាធនាគារកាណាឌីយ៉ា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើន នៅមុនពេលបើកការដ្ឋាន សាងសង់ស្ពានបេតុងនេះ ជាផ្លូវការនៅថ្ងៃទី២៦ តុលា ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងសាងសង់ស្ពានខ្សែកាប្លិ៍តភ្ជាប់ ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មាន ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម តភ្ជាប់ក្បាលស្ពានត្រើយ ខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ សងខាង ។
លោក បន្តថា ស្ពាន នេះតម្រូវអោយបេីកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង ជម្រាលទទឹងស្ពាន ២% សសរសម្រាប់ព្យួរខ្សែកាប មានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស សសរស្ពាន សម្រាប់ព្យួរខ្សែកាប មានចំនួន ២ ។
ប្រធានមន្ទីរ សាធារណការ រាជធានីភ្នំពេញ បានអោយ ដឹង ទៀតថា កំពស់អតិបរមា នាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សា នីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមា នាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត គម្លាតពីសសរស្ពានខ្សែកាប្លិ៍ មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗ មានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ។ សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មាន បំពាក់បង្គោលភ្លើងបំភ្លឺស្ពានរៀបចំបណ្តាញលូ អមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា “គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក រយៈពេលសាងសង់ ៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។
លោកបន្តថា ចំណែកគម្រោងសាងសង់ ស្ពានបេតុងអារមេតភ្ជាប់ ពីកោះនរា ទៅផ្លូវជាតិលេខ ១ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ និង រយៈពេលសាងសង់ មានចំនួន ១២ខែផងដែរ៕
ដោយ៖ ដារាត់