ភ្នំពេញ៖ ក្រោយពីលោក ហូរ វ៉ាន់ អតីតមន្ដ្រីគណបក្សប្រឆាំង រត់គេចខ្លួនទៅក្រៅប្រទេសរៀបគម្រោង ធ្វើបាតុកម្ម មុខស្ថានទូតចិនប្រចាំកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើលោក ហូរ វ៉ាន់ ឲ្យត្រូវប្រយ័ត្នខ្លួនព្រោះ ប្រពន្ធ-កូន របស់លោកកំពុងរស់នៅស្រុកខ្មែរ ខណៈសម្ដេចបញ្ជាក់ថា កុំរុញប្រពន្ធ-កូនរបស់ខ្លួនជាប់គុកឲ្យសោះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាបឆ្លងកាត់ ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិ លេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំផ្ដាំទៅ អាវ៉ាន់តិច (លោក ហូរ វ៉ាន់) អាវ៉ាន់អើយ ល្មមខ្លួនបានហើយ ឈប់បាន ឈប់ទៅ អាវ៉ាន់ កូន-ប្រពន្ធ ហ្អែងនៅភ្នំពេញនេះទេ។ ហ្អែងកុំជ្រួលពេកសម្ដីហ្អែង បញ្ជានៅក្នុងទូរស័ព្ទទាំងអស់ រឿងអី? ហ្អែងបញ្ជា មកធ្វើបាតុកម្មប្រឆាំងទូតចិន ប្រឆាំងវត្តមានចិន ពួក ហ្អែងឆ្កួត ។ ប្រយ័ត្នប្រពន្ធហ្អែង កូនហ្អែង ដេកអត់ សុខទេ? កំពុងតែភ័យ ហ្អែងឈប់បាន ឈប់ទៅ»។
សម្ដេចតេជោ បន្ដថា លោក ហូរ វ៉ាន់ ចំណាស់ប៉ុណ្ណឹង ហើយ ទោះបីដណ្តើមអំណាចបាន ក៏គេមិនឲ្យធ្វើ នាយករដ្ឋមន្ដ្រីដែរ។ សម្ដេចថា ហូរ វ៉ាន់ ជាមេក្លោងនៃអំពើក្បត់ ដូច្នេះ ត្រូវចាត់ការអ្នកនៅក្នុងស្រុក ព្រោះអ្នក ក្នុងស្រុកទទួលថវិកាអ្នកនៅក្រៅប្រទេស ដើម្បីចូលរួមអំពើក្បត់ជាតិជាមួយ ហូរ វ៉ាន់ ។
សម្ដេចបន្ដថា អាជ្ញាធរ ឬតុលាការ មានវិធានចំពោះអ្នកចូលរួមអំពើក្បត់ជាតិជាមួយ ហូរ វ៉ាន់ គឺជារឿង ត្រឹមត្រូវ។
ដោយហេតុថា «មេចោររត់គេចខ្លួន ដល់បញ្ជាឲ្យកូនចោរធ្វើសកម្មភាព មិនកូនចោរជាប់គុក ដូច្នេះ កុំរុញគេឲ្យជាប់គុក» នេះជាសម្ដីរបស់ សម្ដេចតេជោ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅអតីតមន្ដ្រី គណបក្សប្រឆាំងម្នាក់ទៀត ដែលរត់គេចខ្លួនទៅនៅក្រៅប្រទេស ហើយមានប្រពន្ធដូរលុយ នៅរាជធានីភ្នំពេញក៏ត្រូវប្រយ័ត្នខ្លួនដែរ។ សម្ដេចបញ្ជាក់ថា មិនយកប្រពន្ធ-កូន របស់ពួកឯង ធ្វើជាចំណាប់ខ្មាំងឡើយ តែចូលរួមធ្វើបាតុកម្មគឺជាអំពើក្បត់ជាតិ ដូច្នេះ អាជ្ញាធរត្រូវមានវិធានផងដែរ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយនោះ មានប្រពន្ធដូរលុយនៅផ្សារ ក៏ត្រូវប្រយ័ត្នហ្អែង ប្រពន្ធ-កូន ហ្អែងនៅភ្នំពេញឡើយ។និយាយថាចឹង យកពួកនេះយកធ្វើចំណាប់ខ្មាំង គំរាមក្រុមគ្រួសារគេ គឺអត់ទេ។ ប្រពន្ធ-កូន ហ្អែងនៅនេះបានសេចក្ដីសុខតើ មានរឿងស្អី បានហ្អែងដើរធ្វើបាតុកម្មនៅ ភ្នំពេញផង ធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសផង ប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា តើចិនមាន កងទ័ពនៅកម្ពុជាទេ? កម្ពុជាឲ្យសិទ្ធិចិន បោះទ័ពនៅកម្ពុជាពីកាលណា?»។
ដើម្បីប្រជាពលរដ្ឋខ្មែរដឹង កាន់តែច្បាស់បន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស បើពួកអ្នកឯងមានស្ភុតាំង នៅឯងណា? បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀង សម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្ដាច់មុខ នៅកំពង់ផែរាម រយៈពេល៣០ឆ្នាំ បញ្ចេញមក។សម្ដេចថា បើពួកអ្នកឯងមិនបញ្ចេញស្ភុតាំងមកទេ មានន័យថា ពួកអ្នកឯងភូតកហុស ប្រជាពលរដ្ឋខ្មែរហើយ។
សម្ដេចតេជោ រំលឹកថា នៅឆ្នាំ១៩៧០ ទម្លាក់ ព្រះកុរណាបីតាជាតិខ្មែរ ដោយធ្វើរដ្ឋហារ ឆ្នាំ១៩៧០ ក្រោមហេតុផលថា ប្រឆាំងយៀកកុង នៅលើទឹកដីកម្ពុជា។ ដូច្នេះពួកក្រុមប្រឆាំងនៅក្រៅប្រទេស ប៉ុនប៉ង់រឿងអ្វី? មកលើសម្ដេចដែលថា វត្តមានកងទ័ពចិន នៅលើកទឹកដីកម្ពុជា ហើយក្រុមក្បត់ ជាតិនេះបំផុសប្រជាពលរដ្ឋខ្មែរ ឲ្យធ្វើបាតុកម្មប្រឆាំងស្ថានទូតចិន នៅកម្ពុជា។
សម្ដេចតេជោ បានថ្លែងថា «អាវ៉ាន់ៗល្មមបានហើយ ហ្អែងផ្លូវវេងស្រេង ត្រូវទូទាត់គ្នា គ្មានអាណាធ្វើ បាតុកម្ម ម៉ោង២ភ្លឺទេ?។ ហ្អែងស្រែកបញ្ជាយ៉ាងម៉េច ហ្អែងអត់ រួចខ្លួនទេ តែហែ្អងកុំរុញ ប្រពន្ធ-កូន ហែ្អងចូលគុកថែម សូមកុំធ្វើ។ សង្ឃឹមថា ប្រពន្ធលោក ហូរ វ៉ាន់ មិនធ្វើជាភ្នាក់ងារបែងចែកលុយសម្រាប់ ឧទ្ទាមក្នុងស្រុក និយាយគ្នាឲ្យច្បាស់ នៅលើរឿងហ្នឹង»។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅប្រពន្ធលោក ហូរ វ៉ាន់ កុំធ្វើអ្នកបណ្ដាញអ្នកចែក ថវិកាដល់អ្នកធ្វើបាតុកម្ម ព្រោះខុសទៅនឹងច្បាស់ ដោយហេតុថា ចូលរួមអំពើក្បត់ជាតិ។ ជាង នេះទៅទៀត សម្ដេច ក៏បានចំអកឲ្យ ហូរ វ៉ាន់ និងក្រុមអតីតមន្ដ្រីគណបក្សប្រឆាំង ផ្សេងៗទៀតថា ចាំថ្ងៃទី៣១ កុម្ភៈ ចាំចូលស្រុកខ្មែរវិញ៕
ដោយ៖ អេង ប៊ូឆេង