ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ទោះមិនប្រារព្ធបុណ្យអុំទូក តែពិធីអកអំបុក និងសំពះព្រះខែធ្វើដដែល

ភ្នំពេញ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋខ្មែរ ជាច្រើនពាន់នាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ទោះបីកម្ពុជាមិនប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្ដែពិធី អកអំបុក និងសំពះ ព្រះខែ នៅតាមផ្ទះ និងវត្តអារាមធ្វើដដែល ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទី ក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃខាងមុខនេះ មន្ត្រីរាជការ និយោជិក កម្មករ និងពលរដ្ឋអាចឈប់សម្រាកតាមធម្មតា។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ ប៉ុន្ដែរឿងសំពះព្រះខែ នៅតាមផ្ទះ អកអំបុកនៅតាមផ្ទះ គឺនៅតែធ្វើ។មន្ដ្រីរាជការរបស់យើង កម្មករ-កម្មការិនី ទទួលបានការឈប់សម្រាក ក៏នៅតែបន្ដការឈប់សម្រាកដដែល»។

សម្ដេចតេជោ បន្ដថា ក្នុងឱកាសពិធីបុណ្យអុំទូក នាពេលខាងមុខនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្ដតាមបណ្ដា រាជធានី-ខេត្ត ដូច្នេះ អាជ្ញាធរត្រូវសម្របសម្រួលភ្ញៀវទេសចរ។សម្ដេចថា បញ្ហាទាំងនេះ ហើយបានធ្វើឲ្យ សេដ្ឋកិច្ចរបស់កម្ពុជានៅតែដើរ ទោះបីមានការថយបន្ដិចក៏ដោយ ៕

ដោយ៖ អេង ប៊ូឆេង

To Top