ព័ត៌មានជាតិ

ពលរដ្ឋជាង ១០០គ្រួសារ នៅព្រែកតាគង់រុងរឿង ទទួលបានអំណោយ ពីសប្បុរសជន

ភ្នំពេញ៖ ដោយសារតែគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតែបន្តហានិភ័យ ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងឥទិ្ធពល នៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្ម បានផ្តូចផ្តើមកម្មវិធី ចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀង ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងក្រីក្រខ្លាំង ចំនួន១១០គ្រួសារ នៅតំបន់ព្រែកតាគង់៣ និងព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ក្រុមការងារផលិតកម្ម មានអ្នកដឹកនាំ ផលិករ អ្នកនិពន្ធ និងតួសម្តែង ក្នុងខ្សែភាពយន្ត ភាគស៊ើបអង្កេតពិសេស រឿងឧក្រិដ្ឋជន«Usual Suspects» សហការជាមួយ អង្គការអភិវឌ្ឍន៍ក្រីក្រ ក្នុងទីក្រុង បានរៀបចំកម្មវិធី ចែកអំណោយសប្បុរសធម៌ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ ។

នៅក្នុងកម្មវិធីចែកអំណោយ សប្បុរសធម៌នេះដែរ ក្រៅពីមានការរៀបចំ ពីក្រុមការងារផលិតរឿងភាគ ឧក្រិដ្ឋជន» និងប្រធានអង្គការ អភិវឌ្ឍន៍ស្រី្តក្រីក្រ ក្នុងទីក្រុង ក៏មានការចូលរួម ផ្តល់កិតិ្តយស ពីលោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្ត មណ្ឌលភ្នំពេញ លោក កែវ​សាវឿន​ចៅសង្កាត់ចាក់អង្រែលើ​មន្រ្តីសង្កាត់​ក្រុមបឹក្សាសង្កាត់​​​ លោកមេភូមិ និងសហការី ជាច្រើនរូបទៀត។

អំណោយសប្បុរធម៌ ទំាងនោះរួមមាន នំឃុកគី (Kukis) ទឹកប្រទាលកន្ទុយក្រពើ ម៉ាក T’best អង្ករ ត្រីខកំប៉ុង សម្រាប់ចែកជូន ដល់ប្រជាជនរងគ្រោះ ចំនួន១១០គ្រួសារ និងអំណោយមួយចំនួនទៀត សម្រាប់ជូនដល់អាជ្ញាធរ និងក្រុមការងារ ដែលបានចូលរួម ជាកិតិ្តយស។

យោងតាមអ្នកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកគ្រប់គ្រង ផលិតកម្មរឿង ឧក្រិដ្ឋជន «Usual Suspects»  បានមានប្រសាសន៍ថា៖ «តំណាងក្រុមការងារផលិតរឿង ឧក្រិដ្ឋជន ដែលរួមមាន តួសម្តែង អ្នកដឹកនាំរឿង អ្នកនិពន្ធ និងក្រុមបច្ចេកទេសទាំងអស់ យើងខ្ញុំមានកត្តិយស និងរំភើបក្រៃលែង ដែលបានមកជួបផ្ទាល់ ជាមួយបងប្អូនទាំងអស់គ្នា ដែលបានឆ្លងកាត់ នូវការលំបាក ដោយសារជំនន់ទឹកភ្លៀង និងនាំយក នូវអំណោយបន្តិចបន្តួច ដែលជាទឹកចិត្តរបស់យើងខ្ញុំ ដើម្បីជួយគ្នាក្នុងគ្រាលំបាក ក្នុងពេលនេះ»។ 

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ តំណាង បានជម្រាបប្រាប់ នៅក្នុងកម្មវិធី ចែកអំណោយ សប្បុរសធម៌ថា៖ «ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមផលិតខ្សែភាពយន្តរឿង «ឧក្រិដ្ឋជន» ចំពោះទឹកចិត្តចែកអំណោយ ដល់ប្រជាជន ចំនួន១១០គ្រួសារ ក្នុងចំណោម ៥៥៧គ្រួសារ នៅក្នុងសង្កាត់ដែលមាន ផលប៉ះពាល់ពីទឹកជំនន់នេះ ហើយក្រុមការងារ របស់សង្កាត់បានព្យាយាម ចែកអំណោយ មនុស្សធម៌ ដល់គ្រប់ក្រុមគ្រួសារ ដែលខ្វះខាត នូវអំណោយស្មើៗគ្នាទំាងអស់»។

កញ្ញា ម៉ៅ រចនា ជាតួអង្គឯកស្រីម្នាក់ ក្នុងចំណោមតួអង្គ៣នាក់ទៀត ក្នុងខ្សែភាពយន្ត «ឧក្រិដ្ឋជន» បានឲ្យដឹងថា៖ «ពួកខ្ញុំសូមចូលរួមចែករំលែក ដល់ប្រជាជនដែលរងគ្រោះ ដោយសារទឹកជំនន់ និងសង្ឃឹមថា ការផ្តល់ជាអំណោយ សប្បុរសធម៌មួយនេះ អាចជួយដល់បងប្អូនប្រជាជន ហើយបងប្អូនរួចផុត ពីគ្រោះធម្មជាតិ និងជំងឺផ្សេងៗ»។

គួរបញ្ឋាក់៖ នៅដើមខែតុលា ឆ្នាំ២០២០កន្លងមកនេះ គ្រោះទឹកជំនន់បានបង្ក ឲ្យមានការខូចខាត ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជនមួយចំនួន ដែលរួមមាន ហេដ្ឋារចនាសម័ន្ព (ទំនប់ទឹក ស្ពាន ផ្លូវ ថ្នល់ សាលារៀន ផ្ទះសម្តែង) និងឈានដល់ការបាត់បង់អាយុជីវិត របស់ប្រជាជន នៅទូទំាងខេត្តក្រុង៕

To Top