Covid-19

ប្រមុខការទូតកម្ពុជា អញ្ជេីញបេីកសន្និសីទជាន់ខ្ពស់ ដើម្បីអបអរសាទរខួប លើកទី៧៥ នៃអង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ​ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញបេីកសន្និសីទជាន់ខ្ពស់ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ។

សន្និសីទនេះត្រូវបានរៀបចំឡេីងដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សហការជាមួយអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ បាននិងកំពុងអបអរខួបលើកទី៧៥ របស់ខ្លួនស្របពេលដែលពិភពលោក កំពុងរងការរំខានដ៏ធ្ងន់ធ្ងរ ដោយសារតែវិបត្តិសុខភាពសកល ដែលពុំធ្លាប់កើតមានកន្លងមក គួបផ្សំនឹងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងសង្គម។ វិបត្តិដែលបង្កឡើងដោយសារការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ អាចធ្វើឱ្យវឌ្ឍនភាពនៃ ការលុបបំបាត់ភាពក្រីក្រ សន្តិសុខស្បៀង សមភាពយេនឌ័រ ព្រមទាំងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដទៃទៀតជាប់គាំង និងដើរថយក្រោយ។

ការគ្រប់គ្រង និងការទប់ស្កាត់មិនឱ្យ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាជោគជ័យមួយគួរជាទីមោទនៈ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ មកលើសង្គម និងសេដ្ឋកិច្ចដែលបង្កឡើង ដោយសារការរាតត្បាត ជាសកលនេះ មានកម្រិតធ្ងន់ធ្ងរ ជាពិសេស ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ខណៈពេលដែលកម្ពុជានៅតែបន្តប្រុងប្រយ័ត្នក្នុងការទប់ស្កាត់មិនឱ្យ មានការឆ្លងរាលដាលក្នុងសហគមន៍ ផលប៉ះពាល់មកលើសង្គម និងសេដ្ឋកិច្ច គឺជាក្តីព្រួយបារម្ភកាន់តែខ្លាំង សម្រាប់កម្ពុជា។

ការរាតត្បាតជាសកលនេះ បានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីពង្រឹង និងបន្តស្មារតីសហប្រតិបត្តិការព ហុភាគីបន្តទៀត។

សន្និសីទនេះនឹងពិភាក្សាអំពីសារៈសំខាន់ក្នុងការបន្តតួនាទីកិច្ចសហប្រតិបត្តិការ ពហុភាគីដើម្បីកសាង និងជួយឱ្យស្ថានភាពសេដ្ឋកិច្ច និងសង្គមមានភាពប្រសើរឡើង ក្រោយជំងឺកូវីដ-១៩។ កិច្ចពិភាក្សាក៏នឹងឆ្លុះ បញ្ជាំងផងដែរថា តើពិភពលោកអាចប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាកាលានុវត្តភាពបែបណា ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈ អភិវឌ្ឍន៍ប្រកបដោយ ដោយចីរភាពឆ្នាំ២០៣០ ៕

To Top