ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការយ៉ាងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងរាត្បាតជំងឺកូវីដ-១៩។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក Anatoly Borovik បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ជំងឺកូវីដ-១៩ មាន ប្រសិទ្ធភាពបែបនេះ ធ្វើឲ្យមន្ដ្រីទូតរបស់រុស្ស៊ី មានទំនុកចិត្ត ក្នុងការបំពេញការងារនៅកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងរាត្បាតនៅឡើយ ហើយសូមកោត សរសើររាជរដ្ឋាភិបាលកម្ពុជាដែលមានវិធានការដល់មានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា»។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ទោះបីបច្ចុប្បន្ននេះ ពិភពលោកកំពុងរីករាលដាលជំងឺ កូវីដ-១៩ ក៏ដោយ ប៉ុន្ដែទំនាក់ទំនងរវាង កម្ពុជា-រុស្ស៊ី នៅតែបន្ដមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ដែរ សម្ដេចក៏បានកោតសរសើរ ចំពោះរុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន២៨៨នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៨៣នាក់ និងអ្នកសម្រាកព្យាបាលជំងឺ ចំនួន៥នាក់៕
ដោយ ៖ អេង ប៊ូឆេង