ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា ជាង៧០នាក់ ត្រូវបានដាក់ឱ្យ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបញ្ចប់ បេសកកម្ម នៅស៊ូដងខាងត្បូង

ភ្នំពេញ៖ កងអនុសេនាធំ រាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ រក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាព ជូនជាតិកម្ពុជា។ 

យោងតាមអគ្គនាយកដ្ឋានយោធសេវា បានឱ្យដឹងថា ក្រោយត្រឡប់មកដល់ព្រលាន យន្តហោះភ្លាមកងរាជអាវុធហត្ថ ទាំង៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិ បាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពិធីទទួលកងអនុសេនាធំ រាជអាវុធហត្ថលេខ៨៦១ ត្រូវបានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម តំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

គួរជម្រាបថា កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ត្រូវបានជំនួសដោយកងរាជអាវុធ ហត្ថលេខ១៨៦ ចំនួន៧៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក អោក សៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជូនដល់កងអនុសេនាធំ រាជអាវុធហត្ថលេខ៨៦១ ដែលទើបបញ្ចប់បេសកកម្ម ស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែង ដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។ 

ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ការបញ្ជូនកងរាជអាវុធហត្ថ ទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែង រកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ព របស់យើងបានធ្វើតេស្ត នៅប្រទេសដែលកំពុងបេសកកម្ម រកមិនឃើញមាន វិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះគឺជាយក ចិត្តទុកដាក់យ៉ាងធំធេង ពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ ។ 

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៧,១២៣នាក់ ក្នុងនោះមានស្រ្តីចំនួនជិត ៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហ ប្រជាជាតិ។រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុង តំបន់អាស៊ាន៕

To Top