ព័ត៌មានជាតិ

កិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រី ការងារអាស៊ាន និងអាស៊ាន+៣ បានអនុម័តលើឯកសារ សំខាន់ៗ ចំនួន៩

ភ្នំពេញ ៖ រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) បានមកប្រជុំគ្នា តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ី ក្នុងអាណត្តិ ជាជាប្រធានប្តូវេនអាស៊ាន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

នៅក្នុងឱកាសកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការងារ អាស៊ាន លើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការងារអាស៊ាន+៣ លើកទី១១នេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ រួមមាន៖
១. កម្មវិធីការងាររដ្ឋមន្ត្រី ការងារអាស៊ានឆ្នាំ២០២១-២០២៥
២. ផែនការការងារ របស់ក្រុមការងារ ឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥
៣. ផែនការការងារ របស់ក្រុមការងារ ឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥
៤. ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥
៥. បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍
៦. ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារត្រឹមឆ្នាំ២០២៥
៧. គោលការណ៍ណែនាំអាស៊ាន អំពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យ សម្រាប់ទាំងអស់គ្នា
៨. គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្ម ប្រកបដោយប្រសិទ្ធភាព របស់ពលករទេសន្តរប្រវេសក៍
៩. គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ាន

សូមបញ្ជាក់ថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកប ដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជវភាព៕

To Top