ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងថា ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន ជាមួយវីរុសកូវីដ-១៩ របស់ប្រជាពលរដ្ឋគឺជាការបេីកលំហរដ៏ធំ សម្រាប់ឲ្យវីរុស នេះមានលទ្ធភាពវាយលុកសរីរាង្គ មនុស្សដោយងាយស្រួល។
លោកស្រីបានថ្លែងក្នុងគ្រុបសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះ ជាការបេីកលំហរដ៏ធំសម្រាប់ឲ្យវីរុសកូវីដ-១៩ មានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នក ដោយងាយស្រួល ហេីយលោកអ្នកក៏បង្កលក្ខណៈ និងដាក់ខ្លួនលោកអ្នកចូលទៅក្នុងហានិភ័យខ្ពស់នៃការចម្លងជំងឺនេះដែរ”។
លោកស្រីបន្តថា ប្រសិនបេីពលរដ្ឋ មិនចង់ឲ្យមានការផ្ទុះឡេីងនូវការចម្លងក្នុងសហគមន៍ ចាំបាច់ត្រូវរួមគ្នាការពារការចម្លងដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្រសួងនៅតែបន្តអំពាវនាវឲ្យមានការចូលរួមការពារការចម្លងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងមានការប្រុងប្រយ័ត្នជាប់ជានិច្ចរាល់ពេលដែលបុគ្គលចល័ត ឫធ្វេីដំណេីរ។ ក្រសួង នឹងបន្តស្រាវជ្រាវ និងតាមដានការរាតត្បាតជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ជាទីបំផុត។
ការថ្លែងរបស់លោកស្រីនេះ ក្រោយសង្កេតឃើញថា មានពលរដ្ឋមួយចំនួនដែលមកដើរលេងកម្សាន្តនៅតំបន់ទេសចរនានា មិនសូវពាក់ម៉ាស់ការពារខ្លួនពីជំងឺកូវីដ។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងសរុប២៩១នាក់ ។ ចំណែកអ្នកជាសះស្បើយចំនួន ២៨៣ នាក់ និងអ្នកស្លាប់ គ្មានឡើយ៕