ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ បើសិនមាន សិស្សានុសិស្ស កើតជំងឺកូវីដ-១៩ ក្រសួងនឹងបិទសាលារៀន បណ្ដោះអាសន្ន

ភ្នំពេញ ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសាលារៀនឡើងវិញ នូវដំណាក់កាលទី៣នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រសិនបើមានសិស្សានុសិស្ស ណាម្នាក់កើតជំងឺកូវីដ-១៩ នៅក្នុងសាលារៀន ក្រសួងនឹងជួបពិភាក្សា ការងារជាមួយ អ្នកពាក់ព័ន្ធ ដើម្បីបិទសាលារៀន ជាបណ្ដោះអាសន្ន ក្នុងគោលដៅ បន្ដទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ។

លោក ហង់ជួន ណារ៉ុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដាក់ឲ្យដំណើរ ការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ចាប់តាំងថ្ងៃបិទ សាលារៀនបណ្ដោះអាសន្ន កាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ក្រសួងបានរៀបចំការបង្រៀនតាមអនឡាញ។ ប៉ុន្ដែមានសិស្សខ្លះមានគុណភាព ចំណែកសិស្សខ្លះទៀត មិនមានគុណភាព ។

លោករំលឹកថា ការបិទសាលារៀន បណ្ដោះអាសន្នរបស់ក្រសួងបែបនេះគឺក្នុងគោលដៅការពារជំងឺកូវីដ-១៩។

លោកបន្ដថា ក្រោយពីកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩ បាននោះ ក្រសួងអប់រំក៏បានបើកសាលារៀនជា ៣ដំ ណាក់កាល ដើម្បីឲ្យសាលានីមួយៗត្រៀមខ្លួន ក្នុងការរៀបចំសាលារៀន។

លោករំលឹកថា ក្រសួងបានបែង ចែងសាលារៀនជា៣ដំណាក់កាល នោះ រួមមាន ៖ ទី១-សាលរៀនមានអនាម័យខ្ពស់ ,ទី២-សាលារៀនមានអនាម័យប្រភេទមធ្យម និងទី៣-សាលារៀនទូទៅ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលយើងបែងចែក សិស្សជាពីរក្រុមអីចឹងទៅ ទីមួយសាលាទាំងអស់ ទាំងរដ្ឋ និងឯកជន គឺអាចអនុវត្តបានទៅ តាមគោលការណ៍បរិបទស្ដង់ដា របស់ក្រសួង អីចឹងគ្រប់កន្លែងគឺអាច អនុវត្តបាន។ទីពីរ គឺគាត់បានរៀបចំបរិស្ថានសិក្សាហ្នឹងបានសមរម្យ ដើម្បីធានាសុវត្ថិភាព ក្នុងការសិក្សាទាំងសាលារដ្ឋ និងសាលាឯកជន យើងមានការព្រួយបារម្ភណាស់ ដោយសារសាលាយើង ទីមួយ ហេដ្ឋានរចនាសម្ព័ន្ធ ហើយមានសាលាខ្លះគ្រប់គ្រាន់ ហើយសាលាខ្លះក៏សូវគ្រប់គ្រាន់ដែរ» ។

លោកបន្ដថា ជាក់ស្ដែងសាលាមួយចំនួនមានពេលគ្រប់គ្រាន់ ដើម្បីរៀនសូត្រ និងបែងចែកថ្នាក់រៀន ឡើងវិញ ហើយធានាបាននូវសុវត្ថិភាពផងដែរ។
លោកថា ការរៀនសូត្រនៅក្នុងថ្នាក់រៀនមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីឲ្យសិស្សានុសិស្សអាចស្ដាប់គ្រូពន្យល់ ជាពិសេស សួរសំនួរបានដោយងារស្រួល។
លោកបន្ថែមថា ក្រសួងនឹងបញ្ចប់ការបង្រៀន នៅចុងឆ្នាំ២០២០ ហើយក្រសួងនឹងរៀបចំការប្រឡងបាក់ ឌុប ជាពិសេស ក្រសួងត្រៀមបើកសាលារៀន នៅឆ្នាំសិក្សាថ្មី ផងដែរ។

លោកបញ្ជាក់ថា «យើងឃើញថា គោលដៅរបស់ក្រសួងដែលបានដាក់ចេញ ដែលយើងមានការព្រួយ បារម្ភដែរ។ ការបើកដំណើរការឡើងវិញនេះ វាអាចមានហានិភ័យ ប៉ុន្ដែជាក់ស្ដែងយើងឃើញថា អាចដំ ណើរការបានជាប្រក្រតី ក៏ប៉ុន្ដែត្រូវតែរៀបចំបង្រៀន ពាក់កណ្ដាលអនឡាយ និងពាក់កណ្ដាលក្នុងថ្នាក់រៀ នដោយសារសិស្សយើងត្រូវបែងចែកជាពីរវេន»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បានឲ្យដឹងថា «ប្រសិនបើមានករណីកើតនៅតាមសាលារៀន (កើតជំងឺកូវីដ-១៩) គឺយើងនឹងធ្វើការពិភាក្សាជាមួយនឹង ក្រសួងសុខាភិបាល ដើម្បីបិទសាលារៀនមួយ ប៉ុន្ដែយើងពិភាក្សាថា តើយើងបិទមួយក្រុង ឬក៏យ៉ាងម៉េច?»។

លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវ ទៅដល់ អាជ្ញាធរ គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធមួយចំនួន ទៀត ត្រូវបន្ដអនុវត្តឲ្យបានមឺងម៉ាត់ តាមវិធានការពារសុវត្ថិភាព ដែលក្រសួងបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព លើកកម្ពស់ អនាម័យ ជូនសិស្សានុសិស្ស ឲ្យបានត្រឹមត្រូវ ផងដែរ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន២៩២នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស ចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ជំងឺនៅទូទាំងប្រទេស ចំនួន៩នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top