ព័ត៌មានជាតិ

លោកវេង សាខុន ៖ វិស័យកសិកម្ម នៅមានបញ្ហាប្រឈម ច្រើនចាំបាច់ឲ្យភាគី ពាក់ព័ន្ធរួមគ្នា ដោះស្រាយ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា វិស័យកសិកម្ម នៅមានបញ្ហា ប្រឈមជាច្រើន ដែលចាំបាច់ឲ្យគ្រប់ភាគី ពាក់ព័ន្ធ ត្រូវរួមគ្នាគិតគូរដោះ ស្រាយ ឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេង សាខុន បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការវិវឌ្ឍន៍ រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺស្របទៅតាមបរិបទ នៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និន្នាការ នៃសេចក្តីត្រូវការផលិតផល កសិកម្មប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស ។

លោកបន្តថា ជាក់ស្តែង វិស័យផលិតកម្មបន្លែកសិករ ចាប់ផ្តើមដាំក្នុងផ្ទះសំណាញ់ ឈប់រែកទឹកស្រោចបន្លែ ប្រើប្រព័ន្ធដំណក់ ឬសាចស្រោចបន្លែជំនួស ឈប់ប្រើចបកាប់ដី តែប្រើគ្រឿងចក្រ ការប្រើពូជ ជី និងថ្នាំពុលកសិកម្ម ស្ថិតក្នុងលក្ខណបច្ចេកទេស និងក្នុងកម្រិតសុវត្ថិភាពទាំងផលិតផល សុខភាពអ្នកផលិត អ្នកបរិភោគ និងក្សេត្របរិស្ថាន ប្រើប្រាស់ប្រព័ន្ធ GAP ដើម្បីវាយតម្លៃ លើគុណភាពផលិត មានការចងក្រងបណ្តុំផលិត ជាសហគមន៍ និងអនុវត្តន៍តាមផលិតកម្មកសិកម្ម តាមកិច្ច សន្យា។ល។

លោកឲ្យដឹងទៀតថា “ផ្ទុយទៅវិញយើងក៏ទទួលស្គាល់ថា វិស័យមួយនេះ ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មាននិស្សិតទាំង ១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្មសិក្សា ត្រូវរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ជាជំហានៗ ប្រកបដោយចីរភាព និរន្តរភាព កសិកម្មទំនើប មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍” ។

លោករដ្ឋមន្រ្តីបន្ថែមថាជាពិសេស ដើម្បីចូលរួមចំណែកជាកំលាំងចលករ ក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបន្តចូលរួមសម្រេចមហិច្ឆិតា របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០ ។
ក្នុងឱកាសនោះលោកក៏ បានផ្ដល់អានុសាសន៍មួយចំនួន ដល់និស្សិតដែលត្រូវចេញដំណើរ ទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល ដើម្បីជាធាតុចូលបន្ថែម ជាចំណេះដឹង បទពិសោធន៍ ជំហរស្មារតីរឹងមាំ សម្រាប់យកមកអភិវឌ្ឍន៍ ប្រទេសជាតិវិញ ។

អនុសាសន៍មួយចំនួននោះរួមមាន ៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប ។

ត្រូវគោរពច្បាប់ វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យា យាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់របស់ខ្មែរឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង មានទំនាក់ទំនង ល្អក្នុងក្រុម គ្រួសារ និងសាលា។
ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ ដែលរស់នៅរៀនសូត្រ និងបំពេញការងារជាមួយគ្នា ។

ត្រូវយកឱកាសដ៏ល្អ ក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាបុគ្គល មានសមត្ថភាព គ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគត ៕ ដោយ៖ធី លីថូ

To Top