ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការស្នើសុំបើក កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជី នៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។ នេះបេីយោងតាម ការចេញផ្សាយ របស់ ក្រសួងព័ត៌មាន ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានថ្លែងថាកាលពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរ ការបានហើយ តែឥឡូវជាគោលការណ៍ ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មួយទៀត។
លោកក៏បានជំរុញឱ្យ អង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គ ភាពសារព័ត៌មានមួយចំនួន ចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញ ការងារ ក្រោមឱវាទអង្គភាព ស្ថាប័នសារព័ត៌មាន ។
ឆ្លៀតឱកាសនោះ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រចាំការចំនួន ៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា៕



