ភ្នំពេញ៖ នៅក្នុងអំឡុងខែតុលាឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧត្តុនិយមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់ ប្រជាពលរដ្ឋជាបន្តបន្ទាប់ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលនឹងទទួលរងនូវ ឥទ្ធិពលខ្យល់ព្យុះមួយ ចំនួន អាចបង្កជាគ្រោះធម្មជាតិផ្សេងៗជាយថាហេតុ ក្រសួងធនធានទឹក ក៏បានលើកឡើងផងដែរថានៅឆ្នាំ ២០២០នេះ អាចមានព្យុះកើតឡើងពី២៤ទៅ២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយក្នុងនោះមាន៤ទៅ៥ព្យុះ នឹងកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជះឥទ្ធិពលដល់កម្ពុជា បង្កអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹកជាប់តំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតំបន់មាត់សមុទ្រ។
ទន្ទឹមជាមួយគ្នានេះផងដែរ ដោយស្មារតីម្ចាស់ការ និងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានណែនាំដល់កម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវត្រៀមលក្ខណៈសម្បត្តិជាស្រេច ទាំងមធ្យោបាយ និងមនុស្ស ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយឡែកលោកឧត្តមសេនីយឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការត្រៀមកម្លាំង សម្ភារៈ មធ្យោបាយដឹកជញ្ជូន និងតាមដានសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង រង់ចាំចុះអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចរងគ្រោះ ដោយគ្រោះធម្មជាតិជាយថាហេតុ។
ពិតដូចការព្យាករណ៍ទុក បន្ទាប់ពីមានឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស មានតំបន់ក្នុងខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារយ៉ាងធ្ងន់ធ្ងរ រីឯរាជធានីភ្នំពេញ ក៏ទទួលរងនូវឥទ្ធិពលភ្លៀងព្យុះ ទាំងនេះ ផងដែរ ដោយធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ឡើងខ្ពស់ ហូរលើខ្នងទំនប់ ទឹកបែកវាល ជនលិចធ្ងន់ធ្ងរ ដល់សង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ ពោធិ៍សែនជ័យ និងកំបូល ។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការ សង្គ្រោះ ពលរដ្ឋ បានចេញបេសកកម្មទាំងយប់ ទាំងថ្ងៃដោយរួមសហការជាមួយកម្លាំងចម្រុះជាច្រើនទៀត ចុះដល់ទីតាំងរងគ្រោះ បើកប្រតិបត្តិការជួយសង្គ្រោះជម្លៀស ប្រជាពលរដ្ឋ ចេញពីតំបន់លិចទឹកទៅកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា។ ជាក់ស្តែង នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែជំនន់ទឹកភ្លៀងបានឡើងខ្ពស់ រហូតជន់លិចខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងបុរី វីអាយភី និងបុរីរតនៈភ្នំពេញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោដោយមិនដឹងខ្លួន ភ្លាមៗនោះ ដោយបានទទួលការប្រគល់ភារកិច្ចពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល លោកឧត្តមសេនីយឯក រ័ត្ន ស៊្រាង បានដឹកនាំកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ចេញជួយសង្គ្រោះទាំងយប់ ជម្លៀសប្រជាពលរដ្ឋជាង១ពាន់នាក់ចេញពី តំបន់រងគ្រោះដោយ សុវត្ថិភាព តាំងពីក្បាលព្រលប់ រហូតដល់ម៉ោង៥ទាបភ្លឺ ទើបសង្គ្រោះសម្រេចរួចរាល់ ហើយបានបន្តទៅជួយច្រកខ្សាច់លើកជាទំនប់ទប់ទឹក កុំឲ្យហូរដាច់ផ្លូវនិងកុំឲ្យហូរ ចូលទៅ ជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ដោយប្រើប្រាស់កម្លាំងនិងសម្ភារៈ ដែល អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមបម្រុងទុក មានដូចជាខ្សាច់ ការ៉ុង ប៉ែល ចប បង្គី និងមធ្យោបាយដឹកជញ្ជូនជាដើម។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ដល់តំបន់រងគ្រោះ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលឡើង មកកាន់ទីទួលសុវត្ថិភាពចំនួន០២គោលដៅ ក្នុងពេលនោះសម្តេចបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗជាច្រើន ដល់មន្ត្រីរាជរដ្ឋាភិបាល អជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងកម្រុះ ឲ្យយកចិត្តទុកដាក់ជួយសង្គ្រោះនិងបម្រើពលរដ្ឋ ឲ្យបានស្រុះគ្នា។
បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានសភាពការណ៍និងទប់ទំនប់នៅតាម តំបន់មួយចំនួនដែលងាយទទួលរង ផលប៉ះពាល់ និងបានយកអូប័រចុះអន្តរាគមន៍ជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
បានចូលរួមសហការជាមួយកម្លាំងចម្រុះចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ក៏ដូចនាំយកមី ទឹកសុទ្ធ និងសម្ភារ: ថវិកាមួយចំនួនទៀតដើម្បីផ្តល់ជូនពួកគាត់ផងដែរ។
បានចូលរួមលីសែងលើកដាក់រៀបចំអំណោយរបស់ថ្នាក់ដឹកនាំ អជ្ញាធរមូលដ្ឋាន សប្បុរសជននានា ដែលចុះទៅចែកជូន ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតាមតំបន់រងគ្រោះ។
បាននាំយកតង់ ធុងស្តុកទឹក ព្រមទាំងដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ជាខ្លាំង ដើម្បីសង់ ជម្រកស្នាក់នៅ លើទីទួលសុវត្ថិភាព បន្ទាប់ពីគាត់បានជម្លៀសខ្លួនចេញពីផ្ទះដែលកំពុងលិចទឹក និងខ្វះទឹកស្អាតប្រើប្រាស់ ក៏ដូចជាខ្វះធុងស្តុកទឹក។
បានប្រចាំការត្រៀមជួយសង្គ្រោះ និងការពារសន្តិសុខសុវត្ថិភាពពលរដ្ឋនៅតំបន់រងគ្រោះ២៤ម៉ោងលើ២៤ម៉ោង និងល្បាត ការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងពួកគាត់ដែល បានទុកចោលក្នុងអំឡុងពេលលិចទឹកជាប់ជាប្រចាំ។
បានជួយរៀបចំនិងដឹកជញ្ជូនសម្ភារៈ និងប្រជាពលរដ្ឋរងគ្រោះ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ចំពោះផ្ទះណាដែលអាច ចូលនៅបានជាបន្តបន្ទាប់រហូតដល់ទឹកស្រកអស់។
បានជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ការពារកុំឲ្យទឹកហូរចូលផ្ទះជាលើកទី២ ពេលមានភ្លៀងធ្លាក់បន្ថែមទៀត។
បានរួមសហការ ជាមួយក្រុមការងាររដ្ឋបាលខណ្ឌដង្កោចុះពិនិត្យតាមដានស្ថានភាពទឹកក្នុងសង្កាត់ព្រែកកំពឹស និងប្រើ គ្រឿងចក្រ កាយបើកមុខទឹក រំដោះទឹកចំនួន ០៤ទីតាំង (រួមមានចំណុចព្រែកជ្រៃ, ប្រឡាយតាហោ, ប្រឡាយ ៨៨ខាងត្បូង បុរីពិភពថ្មីកួរស្រូវ និងប្រឡាយផ្លូវ ១០៤ មុខបុរីពិភពថ្មីកួរស្រូវ) ដើម្បីពន្លឿនការចុះស្រកនៅតាមលំនៅឋាន របស់ ប្រជាពលរដ្ឋ។
បានជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពលរដ្ឋដែលត្រឡប់ចូលរស់នៅវិញ ក៏ដូចជាបោសសំអាតផ្លូវថ្នល់ នៅតាមគោលដៅឈរជើងប្រចាំការជាប់ជាប្រចាំ។
ដោយអនុវត្តតាម អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំ ចង្អុលបង្ហាញជាប្រចាំពី លោកនាយឧត្តមសេនីយ៍ សៅ សុខា និងការដឹនាំប្រគល់ភារកិច្ចពីលោក ឃួង ស្រេង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ប្រភេទ បើកយុទ្ធនាការ យ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញបេសកកម្ម ជួយសង្គ្រោះនិង បម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ទាំងយប់ទាំងថ្ងៃ ជាបន្តបន្ទាប់មានដូចជា៖
បើទោះបីជាទឹកជំនន់បានស្រក ហើយប្រជាពលរដ្ឋ បានត្រលប់ទៅកាន់លំនៅឋាន ហើយវិញក៏ពិតមែន ក៏ប៉ុន្តែកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ សួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាខិតខំប្រឹងប្រែង បំពេញតួនាទី ការងារបម្រើនិង ការពារសន្តិសុខ ជូនប្រជាពលរដ្ឋជានិច្ច ៕