ភ្នំពេញ៖ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ សេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ស្ថានភាពអាកាសធាតុ បានអោយដឹងថា កូនព្យុះទី២១ឈ្មោះ អេតូ នឹងជះឥទ្ធិពលមកដល់កម្ពុជា នៅថ្ងៃ១១ វិច្ឆិកា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ សាធារណជនឲ្យបានជ្រាបថា យោងការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ (Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះទី ២១ ឈ្មោះ អេតូ ( ETAU ) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពល ទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure ) ពេលចូលមកដល់លើភាគខាងកើត ប្រទេសកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
– បណ្តារាជធានី ខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕