ព័ត៌មានជាតិ

លោក កឹម សុខា គាំទ្រ​លទ្ធផល​ការបោះ​ឆ្នោត នៅអាមេរិកទោះអ្នកណាឈ្នះ ក៏ដោយឲ្យតែជាមិត្តល្អ នឹងខ្មែរ ហើយជួយខ្មែរ

ភ្នំពេញ ៖ លោក កឹម សុខា តែងតែគាំទ្រលទ្ធផលនៃការបោះឆ្នោត ដោយឆន្ទៈប្រជាពលរដ្ឋ និងស្រប តាមគោលការណ៍ ប្រជាធិបតេយ្យ ក្នុងពិភពលោក ដូច្នេះ អ្នកណាឈ្នះក៏ដោយ ឲ្យតែជាមិត្តល្អនឹងខ្មែរ ហើយជួយខ្មែរ។

លោក កឹម សុខា បានលើកឡើងបែបនេះ ស្របពេលសហរដ្ឋអាមេរិកមានការបោះឆ្នោត។ហើយ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមក្នុងក្បួនដង្ហែរអបអរសាទរជ័យជម្នះរបស់ លោក ចូ បៃដិន នៅទូទាំងសហរដ្ឋអាមេរិក ខណៈក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាប្រមូលគ្នាធ្វើបាតុកម្មតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត ដែលពួកគេចោទថាមានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃទី៨ វិច្ឆិកា នេះ។

ជុំវិញបញ្ហាទាំងនេះ លោក កឹម សុខា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា «ខ្ញុំតែងតែគាំទ្រ និងអបអរសាទរ នូវលទ្ធផលនៃការបោះឆ្នោត ដោយឆន្ទ:ប្រជា ពលរដ្ឋ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងពិភពលោក មិនថាឡើយ នៅសហរដ្ឋអាមេរិក ឬនៅប្រទេសណាឡើយ ជាពិសេសនៅកម្ពុជាយើង។អ្នកណាឈ្នះក៏ដោយ ឲ្យតែជាមិត្តល្អនឹងខ្មែរ ហើយជួយខ្មែរ»៕

To Top