ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍

ភ្នំពេញ  ៖  លោក  ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា  ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួនពីរសប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា នេះតទៅ។នេះបើយោងតាមការចេញផ្សាយ  របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។  

លោក  ឌី ខាំបូលី  បានសង្កត់ធ្ងន់ថា  «ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា និងនៅក្នុងសហគមន៍ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវផ្អាកដំណើរការសិក្សារយៈពេលពីរសប្តាហ៍ ដោយចាប់អនុវត្តចាប់ពីថ្ងៃនេះតទៅ ហើយគ្រឹះស្ថាន ត្រូវអនុវត្តការរៀន និងបង្រៀនតាមអនឡាញ»។

គួររម្លឹកថាកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តប្រមាណជាង ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងកម្មវិធីទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងមក ក្នុងនោះគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ០៨ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី៕

To Top