ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺជាខួបទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានអបអរសាទរដោយបានលើកឡើងពីស្នាព្រះហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា។
ក្នុងឱកាសនេះព្រះអង្គបានលើកពីព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកាទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។
ព្រះអង្គមានព្រះឱង្ការថា ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួល បានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាសុីអាគ្នេយ៍ ។
កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា ៕








