កីឡា

ប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកា ជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិន មានជីវភាពខ្វះខាត

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងកម្មវិធីប្រកួតបាល់ទាត់ មនុស្សធម៌ ប្រមូលថវិកា ជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិន មានជីវភាពខ្វះខាត នៅកីទ្បដ្ឋាន Smart RSN Stadium, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក ម៉ាណែត បានថ្លែងថា គោលដៅចម្បង នៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យ ក្នុងចលនារួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិនរបស់យើង ដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយពិតជាណាស់ដែលប្អូនៗ និសិ្សតអាហាររូបករណ៍ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទាំងអស់រួបរួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ ដ៏ថ្លៃថ្លានេះ ។

លោកសង្កត់ធ្ងន់ថា ការប្រកួតនេះ គឺយើងប្រកួត នៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកទាំងអស់គ្នា ជួយទៅដល់ប្រជាពលរដ្ឋយើង ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៏កន្លងមក ដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាល នៃការស្តារទ្បើងវិញ នាពេលនេះ។

លោកសូមអរគុណក្រុមការងារ គ្រប់គ្រងនិស្សិត អាហារូបករណ៏ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាក ក្នុងគ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុត នៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះ នឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់, ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top