ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារមួយ ដោយបានបញ្ជាក់ថា ស្ថានភាពសុខភាព របស់លោក មានភាពល្អប្រសើរ ជាប្រក្រតី ទោះបីមានរូបភាបចាស់ បានបង្ហោះជាមួយលោក សួស យ៉ារ៉ា។
ការបង្ហោះសារបែបនេះធ្វើឡើង ក្រោយពេលមានការបង្ហោះ រូបថតចាស់ កាលពីឆ្នាំ២០១៩ ដែលធ្វើអោយមានការភ័នច្រឡំថាលោកមានការ ប្រាស័យទាក់ទងជាមួយ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក លោគ ហ៊ុន ម៉ានី បានបង្ហោះនូវសារ ដែលមានខ្លឹមសារទាំងស្រុងថា «ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សារភ្ជាប់ខ្ញុំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាពចាស់ កាលពីឆ្នាំ២០១៩ កាលដែលយើងទាំងអស់គ្នា បានទៅចូលរួមបុណ្យឯករាជ្យជាតិ។
លោកបានបញ្ជាក់ថា «ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរជាប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ ខ្ញុំមិនបានជួបប្រាស្រ័យទាក់ទង ជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកានោះទេ។»
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ក៏សូមអំពាវនាវឲ្យជនរួមជាតិ បន្តរក្សាភាពស្ងប់ស្ងាត់ រួមគ្នាការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឲ្យជនរួមជាតិទាំងអស់មានសុខភាពល្អ។ទាំងអស់គ្នា! រួមគ្នា! យើងនឹងអាចឆ្លងផុត គ្រាលំបាកនេះជាមួយគ្នា!។
សូមរំលឹកថា នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល អោយដឹងថា ក្រសួងបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួនបីនាក់បន្ថែមទៀតលើ៖
១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា៕