Covid-19

Breaking News៖ សម្ដេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងអ្នកនៅជុំវិញ ធ្វើតេស្តអវិជ្ជមាន កូវីដ-១៩ ទាំងអស់ ជាលើកទី៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយា ព្រមទាំងអ្នកនៅជុំវិញ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ទាំងអស់ ជាលើកទី៣ ។នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។

សម្ដេចបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។»

ជាមួយគ្នានេះសម្ដេច ក៏កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផល នឹងអវិជ្ជមានទាំងអស់គ្នា។

សម្ដេចបន្តថា ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្ត លើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមាន ទាំងសម្ដេចនិងភរិយា ព្រមទាំងបងប្អូន ប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័ក ក្នុងពេលជាមួយគ្នា ពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើអោយ ការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយ នៅក្នុងរាជធានីភ្នំពេញនិ ងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្

ជាមួយគ្នានេះ សម្ដេចនិងភរិយាសូមថ្លែង អំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

To Top