ព័ត៌មានជាតិ

JCI Cambodia នឹងចែកគ្រាប់ពូជបន្លែ ជូនប្រជាកសិករ ជិត២ពាន់គ្រួសារ ដែលទទួលរង ​ផលប៉ះពាល់ ពីគ្រោះទឹកជំនន់

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ​ ។

យោងតាម ការដាក់ចេញកម្មវិធីថ្មី របស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា បានអោយដឹងថា ”សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) យើងខ្ញុំ នឹងរៀបចំនូវគម្រោង «កញ្ចប់១ ក្តីស្រលាញ់១» បន្តទៀត នៅក្នុងអត្ថន័យ នៃការនាំយក នូវគ្រាប់ពូជបន្លែ មួយចំនួនទៅចែកជូន ប្រជាកសិករយើង ដែលរងគ្រោះ ដោយការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់ នាពេលថ្មីៗកន្លងទៅនេះ”។

សូមជម្រាបផងដែរថា គម្រោងនេះ ត្រូវបានរៀបចំឡើងដោយមាន ការចូលរួមគាំទ្រ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនិង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដើម្បីធ្វើការចែកជូន នូវគ្រាប់ពូជដំណាំ ជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ អញ្ជើញមក ពីស្រុកចំនួន៤ ដូចជា ស្រុកគាស់ក្រឡ ស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕

To Top