Covid-19

លទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកជាង១ពាន់ ជាមួយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា អវិជ្ជមានទាំងអស់

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកចំនួន១១៩៥នាក់ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានទាំងអស់»។ លទ្ធផលនេះចេញដោយវិទ្យាស្ថានប៉ាស្ទ័រ។នេះបើយោងតាម សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា

ចំពោះសំណាកនៅសល់ចំនួន១០៥ទៀត វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តពិនិត្យនៅថ្ងៃស្អែកទៀតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមរបាយការណ៍ និងការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជំរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល «អវិជ្ជមាន»។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។

ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានតែចំនួន៤នាក់ប៉ុណ្ណោះ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

To Top