ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ត ចែកអាវរងារ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោក នៅបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក, ខេត្តតាកែវ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត   អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅ ខេត្តតាកែវ នា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកម៉ាណែត បានឱ្យដឹងថា ការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ ជាចំណែកដ៏តូចមួយនៃការគិតគូរយកចិត្តទុកដាក់ជារួមរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

លោកបន្មថា កិច្ចការចម្បងបំផុតដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់យកគឺជំហរស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា ព្រោះថាសង្រ្គាមរុំារ៉ៃ ដែលកម្ពុជាធ្លាប់បានហែលឆ្លង គឺជាបទពិសោធន៍ និងមេរៀនដ៏មហាជូរចត់ ព្រមទាំងបានលេបត្របាក់យក សុខសន្តិភាព ចេញពីប្រទេសនិងប្រជាពលរដ្ឋរបស់យើង  ហើយជំនួសមកវិញនូវមហាវិនាសកម្ម និងមហាសោកនាដកម្មដ៏មហិមា ដូច្នេះហើយកងកម្លាំងប្រដាប់អាវុធទាំងអស់មាននាទីជួយការពារ ទប់ស្កាត់ជាដាច់ខាតពីការវិលត្រលប់មកវិញនូវសង្រ្គាមដ៏អាក្រក់នេះ។ ជាមួយគ្នា សូមបន្តគោលគំនិត និងគោលជំហរជឿទុកចិត្តលើការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នា។ 

លោកជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយលោកក៏ជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ការរីករាលដាលនៃជម្ងឺនេះជាង១០ខែកន្លងមក ពីការរីកសាយភាយពេសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់។ មកទល់ពេលនេះ ជម្ងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាសត្រូវ និងជាមហន្តរាយដ៏គ្រោះថ្នាក់បំផុតរបស់ប្រជាជនទូទាំងប្រទេសនិងពិភពលោក ហើយទាមទារចាំបាច់ឱ្យពលរដ្ឋគ្រប់រូប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននានា ចូលរួមយកចិត្តទុកដាក់ខ្ពស់គ្រប់ពេលវេលាក្នុងការបន្តអនុវត្តវិធានសុខាភិបាលនានាដូចជា៖ ពិគ្រោះជាបន្ទាន់បើមានអាការៈមិនប្រក្រតី, ការពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព, រក្សាអនាម័យខ្ពស់, ចត្តាទ្បីស័កជាដើម។  ហើយចៀសវាងនូវការធ្វេសប្រហែស ព្រងើយកន្កើយ និងចន្លោះប្រហោងនានាដែលជាលទ្ធផលអាចបណ្តាលឱ្យមានការចម្លងពីបុគ្គលទៅបុគ្គល, ក្រុម, ពួក, និងអង្គភាព ប្ញសហគមន៍ទាំងមូល។

លោកឧត្តមសេនីយ៍ ក៏សូមអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចំពោះការចូលរួមគ្រប់រូបភាពក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជាចូលរួមក្នុងសកម្មភាពនានាដូចជាការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗនេះបានចុះជួយជាប្រចាំដល់សកម្មភាពគ្រោះមហន្តរាយនានាដូចជាទឹកជំនន់ និងជាពិសេសជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩នៅក្នុងអង្គភាពក៏ដូចជាភូមិសាស្ត្រឈរជើងរបស់ខ្លួន។

To Top