ព័ត៌មានជាតិ

នាយកដ្ឋានប្រយុទ្ធប្រឆាំង ជំងឺឆ្លងបន្តដាស់តឿនពលរដ្ឋ អនុវត្តអនាម័យនៅឃ្លាតឆ្ងាយ ពីគ្នាជៀសវាងឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានដាស់តឿនក្រើនរំលឹកឲ្យប្រជាពលរដ្ឋអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាត ត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

បើតាមហ្វេសប៊ុករបស់CDC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ “ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​” ។ 

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបន្តថា ត្រូវបន្តគម្លាតបុគ្គល បន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ក្នុងនោះត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

រហូតដល់ម៉ោង​ ៧និង៣០​ ព្រឹក​ថ្ងៃ១៥​ វិច្ឆិកា​កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០២នាក់​ដដែល​ ចំនួនសំរាក ពេទ្យ​១៣នាក់ដដែល​ និងចំនួនជាសះស្បេីយសរុប ចំនួន ២៨៩នាក់​​ដដែល​ និង ស្លាប់គ្មាន​ ។ 

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។ 

ដោយបានធ្វេីតេស្តចំនួន​២០៨១៥៤ស្មេីនឹង​១២៤៦៤ ក្នុង១លាន នាក់៕

To Top