ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់តាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា ពិធីទទួលម៉ាស និងបរិក្ខារពេទ្យ ដោយមានការទទួលផ្ទាល់ពី លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ នៅព្រលានយន្ដអន្ដរជាតិ ប្រទេសឡាវ ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបរិច្ចាគម៉ាស ចំនួន២លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ដើម្បីផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ។
សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ដ្រីឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា៕