ព័ត៌មានជាតិ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នឹងបើកការដ្ឋាន នៅថ្ងៃទី៣០ វិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទង នឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយ អង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យ បានទាន់ពេលវេលាតាមការគ្រោងទុក ។

លោកបន្ដថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ដើម្បីឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

ជាមួយគ្នានេះដែរ រដ្ឋមន្ដ្រីសាធារណការ បានឲ្យដឹងថា អង្គភាពដែលទទួលយក ការងារសាងសង់ផ្លូវ ទាំង៣៨ខ្សែ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

សូមរំលឹកថា ការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕

To Top