ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា សកម្មភាពលួចនាំចូលដឹកជញ្ជូន គ្រឿងញៀនឆ្លងកាត់ និងកែ ច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្ដបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន បាននិងកំពុងរីករាលដាល ដល់តំបន់ជនបទមួយចំនួនទៀតផង ។
យោងតាមសារាចរណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿង ញៀនរបស់រាជរដ្ឋាភិបាល ចំនួន៥លើកជាបន្ដបន្ទាប់ បណ្ដាកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័ន ពាក់ព័ន្ធបានសហការគ្នាបង្កើត បានជាចលនាជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន យ៉ាងសស្រាក់ស្រាំ និងទទួលបានលទ្ធផ លជាវិជ្ជមាន។
រាជរដ្ឋាភិបាល បញ្ជាក់ថា «ប៉ុន្ដែប្រការដែលត្រូវបានកត់ សម្គាល់ឃើញនោះគឺ សកម្មភាពលបលួចនាំចូលដឹកជញ្ជូន គ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្ដបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរ និងការប្រើប្រាស់សារធាតុញៀនបាន និងកំពុងរីករាលដាល ដល់តំបន់ជនបទមួយចំនួន»។
ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងគោលបំណងធានាប្រសិទ្ធភាព អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ ក៏ដូចជា ការបញ្ចៀសឲ្យបាននូវហានិភ័យ ដែលបណ្ដាលមកពីគ្រឿងញៀន ព្រមទាំងដោះ ស្រាយនូវការព្រួយបារម្ភ និងការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ ធានាបាននូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពសង្គម រាជរដ្ឋាភិបាល ធ្វើការណែនាំដល់ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចជា ៖
ទី១-បន្ដខិតខំចាត់តាំងអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជា របស់រាជរដ្ឋាភិបាលស្ដីពី ការពង្រឹងវិធានការប្រយុទ្ធប្រឆាំង គ្រឿងញៀន។
ទី២-បង្កើនសកម្មភាពអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៥ ឲ្យបានសកម្មភាពផុលផុស។
ទី៣-លើកកម្ពស់ស្មារតីផ្សព្វផ្សាយ អប់រំឲ្យបានទូលំទូលាយ ស៊ីជម្រៅ ចំគោលដៅ និងមុខសញ្ញា គ្រប់ទីកន្លែង។
ទី៤-យកចិត្តទុកដាក់ចាត់វិធានការ ក្នុងការបង្ការ ទប់ស្កាត់ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃ-ផលិត សារធាតុញៀន និងការជួញដូរ-ប្រើប្រាស់សារធាតុញៀន។
ទី៥-ត្រូវពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យការនាំចូល និងការប្រើប្រាស់សារធាតុគីមីផ្សំ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ បំផុតទៅតាមវិធានបច្ចេកទេស។
ទី៦-លើកកម្ពស់គុណភាព ក្នុងការអនុវត្តវិធានការព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្ម ដោយខិតខំឲ្យអស់ពី លទ្ធភាពលើកកម្ពស់សមត្ថភាពព្យាបាល ស្ដារនីតិសម្បទា និងរៀបចំបន្ថែមនូវមណ្ឌល បណ្ដោះអាសន្ននៅតាម រាជធានី-ខេត្ត។
និងទី៧-លើកកម្ពស់គុណភាព សមត្ថភាពមន្ដ្រីអនុវត្តច្បាប់ តាមរយៈបណ្ដុះបណ្ដាលជំនាញប្រតិបត្តិការ និងចំណេះដឹង ផ្នែកច្បាប់៕
ដោយ ៖ អេង ប៊ូឆេង