ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីគឺល្អណាស់ ព្រមទាំងអ្នកនៅជាមួយបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។
ក្រោយការប្រកាសគ្មានការឆ្លងកូវីដ១៩ជាលើកទី៤ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចថ្លែងថា នៅថ្ងៃស្អែកសម្តេចនឹងចេញទៅធ្វើការឬហាត់ ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆិកាឡើងវិញ។
សម្តេចតេជោថ្លែងបន្តថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្តេចអាចប្រកាសថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះ ស្បើយ១នាក់ និង៣នាក់កំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
ជាមួយគ្នានេះសម្តេចរំលឹកអាជ្ញាធរមូលដ្ឋានដែលមាន បងប្អូនកំពុងធ្វើចត្តាឡីស័កមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឲ្យបន្តធ្វើចត្តាឡីស័ក បើមិនដូច្នេះទេនឹងត្រូវប្រឈមការតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
នាយករដ្ឋមន្រ្តីបន្ថែមថា ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេង និងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះទាក់ទងដល់មនុស្សច្រើន ទាំង រាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការល្អអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជន។
សម្តេចតេជោ បានថ្លែងអំណរគុណអ្នកពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយ មិនខ្លាចនឿយហត់។
សម្តេចថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថា បញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាដករលាក់មុខដែលមើល មិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ជោគជ័យរបស់កម្ពុជាពេលនេះ បានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់៕