Covid-19

អភិបាលខេត្តកណ្ដាល អរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd ដែលបានឧបត្ថម្ភ ម៉ាស់និងសម្ភារៈការពារកូវីដ១៩ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គន្ធា លោកជំទាវ ទិត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តាមុន្នី និង លោកស្រី យស សុគន្ធា ដែលបានជួយឧបត្ថម្ភម៉ាស់ចំនួន១០កេសធំ ទឹកអាល់កុលចំនួន ៣កេសធំ ជែលលាងដៃ៣កេសធំ និងថវិកាចំនួន៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រាប់ប្រតិបត្តិការជួយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ក្នុងខេត្តកណ្តាល។

លោកអភិបាលខេត្តបានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹងចាត់ចែងសម្ភារៈ និងថវិកាទាំងនេះដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះដោយផ្ទាល់ដៃ ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកបន្តថា អំណោយទាំងនេះ គឺជាសក្ខីភាពនៃទឹកចិត្តដ៏ជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»៕

To Top