ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយ រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិត
កម្ពុជាចំនួន ១២៨នាក់ ដែលបានបញ្ចប់ការសិក្សា នៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ វិច្ឆិកានេះ បានឲ្យដឹងថា ដោយមានកិច្ចសហការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែលនឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៊ីស្រាអែលមកកាន់កម្ពុជា។ ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិតកម្ពុជា ដែលបានទទួលអារូបករណ៍ចំនួន ២៥០នាក់ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញផងដែរ ៕