កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត ជូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍រ វាងរថយន្តដឹកឥដ្ឋ បុករថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។
លោកបន្តថា កាកបាទក្រហមកម្ពុជាដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន គឺសម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ដោយ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។
អំណោយដែលសាខា បានផ្តល់ជូនក្នុង១នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ឃីប ១កញ្ចប់ ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសពអង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២០កំប៉ុង ,ឃីប ១កញ្ចប់ ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៦និង៤០នាទី ត្រង់ចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកHyundai ធុនដឹកទំនិញធំពណ៌សផ្លាកលេខភ្នំពេញ 3B 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុសអាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកគូទរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឲ្យមនុស្សរងគ្រោះ ចំនួន៨នាក់ របួសធ្ងន់ចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ នៅពេលរថយន្តបង្កខាងលើ បានបុកគូទរថយន្តដឹកកម្មករនោះរួច ក៏បានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕